មន្ត្រី នៃឧទ្យានជាតិជួរភ្នំក្រវាញខេត្តពោធិ៍សាត់កំពុងស្វែងរកអ្នកលួចកាប់រុករានទន្ទ្រានយកដីភ្នំមកធ្វើជាកម្មសិទ្ធិនៅភូមិទួលគ្រួស

55

ពោធិ៍សាត់៖ មន្ត្រី នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលខេត្តពោធិ៍សាត់កំពុងដុតដៃដុតជើងតាមស្វែងរកអ្នកដែលបានទៅលួចកាប់រុករានទន្ទ្រានយកដីភ្នំមកធ្វើជាកម្មសិទ្ធិ ជាច្រើនកន្លែងដែលស្ថិតនៅក្នុងតំបន់រក្សាការពារឧទ្យានជាតិក្រវាញកណ្ដាលស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រ ភូមិទួលគ្រួស(ហៅចិនយំ)ឃុំប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។

ទីតាំងខាងលើនេះត្រូវបានរាយការណ៍ថានាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានជនឆក់ឱកាសមួយចំនួន ទៅលួចកាប់រុករានទន្ទ្រានយកដីមកធ្វើជាកម្មសិទ្ធិដោយពុំមានក្លាចរអាលអំពីច្បាប់ទម្លាប់បន្តិចនោះសោះឡើយ។

ទីតាំងដីព្រៃភ្នំដែលកំពុងតែទទួលរងនៅការកាប់បំផ្លាញនោះ គឺចំណុច ទី១ ដីព្រៃភ្នំដែលស្ថិតនៅភូមិទួលគ្រោះមួយកន្លែង និង ចំណុច ទី ២ ស្ថិតនៅភ្នំស៊ីងមួយកន្លែងទៀត ហើយចំណុចទាំងពីរនេះគឺស្ថិតនៅក្នុង ភូមិ ឃុំ តែមួយ គឺភូមិទួលគ្រួស(ហៅចិនយំ) ឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់។

លោក សុទ្ធ គឹមសុង មេភូមិទួលគ្រួសបានប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះបុគ្គលដែលបានទៅកាត់ទន្ទ្រានដីព្រៃភ្នំ ពីគោលដៅខាងលើនោះ គឺមានចំនួន 6 នាក់ហើយលោកក៏បានហៅមកធ្វើកិច្ចសន្យាដើម្បីឲ្យបញ្ឈប់សកម្មភាពកាត់បំផ្លាញរុករានដីព្រៃភ្នំជាបន្តទៀតរួចរាល់ហើយ។

ទាក់ទងទៅនឹងចំណុចដីព្រៃភ្នំដែលត្រូវបានគេលួចរុករានកាត់បំផ្លាញនេះផងដែរលោក រី ភារម្យ នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងថា
ចំពោះចំណុចទាំងពីរគោលដៅដែលអ្នកព័ត៌មានប្រចាំខេត្តពោធិ៍សាត់បានរាយការណ៍ជូនលោកនោះ លោកក៏បានរៀបចំចុះទៅទប់ស្កាត់រួចរាល់ហើយ ។ ជាមួយគ្នានេះ លោកក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ ដើម្បីតាមស្រាវជ្រាវរុករកញាតិជននោះ យកមកផ្ដន្ទទៀតទោសទៅតាមផ្លូវច្បាប់ឲ្យទាល់តែបាន៕