លោក សុខ សុទ្ធីចាត់វិធានការក្តៅចំពោះសំណង់ឥតច្បាប់របស់លោកឧកញ៉ា គា ធី

53

កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ខេត្តកោះកុងកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ បានដឹកនំាក្រុមការងារ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតំាងសំណង់ត្រចៀកកំាមួយកន្លែងរបស់ លោកឧកញ៉ា គា ធី ដែលមានទីតំាងស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតំាងជាក់ស្តែង រួចមក លោក សុខ សុទ្ធី បានណែនំានិងមានប្រសាសន៍លើកឡើងពីវិធានការមួយចំមនួន ដូចតទៅ៖ សំណង់ត្រចៀកកំា ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។

លោកបញ្ជាក់ថា ម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣។ ប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។

លោកបន្តថា ចំពោះ អាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់សំណង់ត្រូវកាយយកអាចដីនេះចេញវិញ ដែលត្រូវកាយចេញ១០ម៉ែត្រ។ ដោយឡែក របងដែលបានសាងសង់ រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

បើតាម លោក សុខ សុទ្ធី ករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ￸ រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិល ត្រួតពិនិត្យ តាមដានការអនុវត្ត នៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្ត៕