អង្គការ WWF គាំទ្រចំពោះប្រសាសន៍ របស់សម្ដេចតេជោអំពីការពារដោយពេញលេញ និងតឹងរឹងនូវតំបន់អភិរក្សសត្វផ្សោតតាមដងទន្លេមេគង្គ

39

ភ្នំពេញ៖ អង្គការ WWF បានប្រកាសស្វាគមន៍យ៉ាងខ្លាំងចំពោះប្រសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងអំពីភាពចាំបាច់នៃការពង្រឹងការការពារដោយពេញលេញ និងតឹងរឹងនូវតំបន់អភិរក្សសត្វផ្សោតតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដើម្បីធានាថាសត្វផ្សោតដែលនៅសេសសល់ និងត្រីមេពូជត្រូវបានការពារពីសកម្មភាពនេសាទខុសច្បាប់។

ការប្រកាសស្វាគមន៍ពីអង្គការ WWF នេះ ធ្វើឡើងនៅក្រោយពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានប្រវែង ១.៧៦១ ម៉ែត្រ នៅក្នុងខេត្តក្រចេះបានជំរុញ និងដាស់តឿន អភិបាលខេត្តក្រចេះ និងអភិបាលខេត្តស្ទឹងត្រែង ទទួលខុសត្រូវក្នុងកិច្ចការងារពារតំបន់អភិរក្សសត្វផ្សោត។

ក្នុងពិធីនោះ សម្ដេចបានសង្កត់ធ្ងន់ថាការងារនេះមិនត្រូវពឹងផ្អែកតែទៅលើក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ប៉ុន្តែត្រូវរួមគ្នាធានាថាផ្សោតនឹងមិនជាប់មង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរម្លឹកអំពីករណីសត្វផ្សោតងាប់ដោយសារជាប់មងប្រជានេសាទនាប៉ុន្មានថ្ងៃចុងក្រោយ ដោយបានបន្ថែមថា«ខ្ញុំសូមដាស់តឿនឱ្យយកចិត្តទុកដាក់ តំបន់នេះត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងទេ។ យើងអាចលើកលែងខ្លះនៅតំបន់ទន្លេសាប ដោយសារប្រជាជនគាត់រស់នៅទីនោះយូរហើយ យើងឃ្វៀលដី កាត់ដីជូនពួកគាត់ ប៉ុន្តែទន្លេមេគង្គដែលសម្បូរសត្វផ្សោត និងត្រីជិតផុតពូជ ត្រូវតែមានការរៀបរយឱ្យបានល្អ»។

បើតាមសម្ដេចតេជោហ៊ុន សែន ជាការពិតហើយក្រសួងថ្នាក់ជាតិមានការទទួលខុសត្រូវលើកការអភិរក្សនេះ ប៉ុន្តែគឺរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវផ្ទាល់។ សម្តេចថ្លែងថា ថា«អ្នកទទួលខុសត្រូវផ្ទាល់គឺខេត្ត អាជ្ញាធរ ត្រូវរៀបចំយ៉ាងម៉េចដើម្បីធានាថាសត្វផ្សោតទាំងនេះមិនត្រូវបានជាប់មង ឬមិនមានការរំខានដល់វានោះទេ»។

សម្ដេចបានផ្ដល់ទស្សនាទានឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃដែនដីអភិរក្សសត្វផ្សោតដើម្បីហាមប្រាមអ្នកនេសាទឱ្យបានជាក់លាក់។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា៖ «អង្គការ WWF សូមអបអរសាទរ និងគាំទ្រអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការបង្កើតតំបន់អភិរក្សស្នូលអចិន្ត្រៃយ៍ និងតំបន់អភិរក្សស្នូលតាមរដូវកាល ក្នុងតំបន់ដែលមានផ្ទៃក្រឡាប្រវែង ១៨០ គីឡូម៉ែត្រ នៃទន្លេមេគង្គកម្ពុជា។»

លោក បានបន្ថែមទៀតថា៖ «អង្គការ WWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ គឺ គណៈកម្មការគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគាំទ្រដល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវថនិកសត្វទឹកសាបជិតផុតពូជបំផុតមួយប្រភេទនេះ និងក្នុងការអនុវត្តនូវប្រសាសន៍ណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី៕