បុរសម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់នៅក្រុងប៉ោយប៉ែត

38

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវបានរថយន្តដឹកដីកិនស្លាប់ភ្លាមៗខណៈដែរបើកម៉ូតូទៅធ្វើបុណ្យសពលោកយាយដែលហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥ នៅខាងកើតរង្វង់មូល៥៨ ចំងាយ ១០០ម៉ែត្រ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

យោងតាមសមត្ថកិច្ចបាននគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោះ ទិន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅក្នុងភូមិ គីឡូម៉ែត្រ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថាបើតាមការបញ្ជាក់ពីក្រុមមិត្តភក្តិដែលធ្វើដំណើរតាមក្រោយម៉ូតូជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានបើកបរម៉ូតូម្នាក់ឯង ម៉ាកវេវ ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរពីទិសលិចទៅកើត គោលបំណងទៅធ្វើបុណ្យសពលោកយាយដែលបានស្លាប់កាលពីយប់មិញនៅភូមិ អូរកេះ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពបានបន្ថែមទៀតថា៖លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានដួលម៉ូតូស្របពេលនោះមានរថយន្តដឹកដីមកពីក្រោយកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗតែម្តងទៅ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិនាំយកសពទៅធ្វើបុណ្យជាមួយសពលោកយាយ នៅភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមប្រពៃណី។

ចំណែករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច ទំនាក់ទំនងគ្នាស្រាវជ្រាវតាមចាប់៕