ភ្ញៀវទេសចរ២លាននាក់ បានធ្វើដំណើរឆ្លងឆ្នាំសកល២ថ្ងៃនេះ

38

ភ្នំពេញ ៖ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ នេះ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២។
របាយការណ៍ដដែលបន្តថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ ខេត្តកំពត ៣៣០,៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨,១១០នាក់ ខេត្តកែប ៨៨,៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ និង ខេត្តកំពង់ចាម ៧៦,៩០១នាក់។

បើតាមក្រសួងទេសចរណ៍ តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕