នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីលួច

9

ស្វាយរៀង÷ជនសង្ស័យ២នាក់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២បានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំធ្វើការឃាត់ក្រោយពីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅភូមិ ត្របែក ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រំ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុស ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា៖ក្នុងប្រតិបត្តិការបង្ក្រាប នឹងឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ០២គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, ទឹកផ្លែឈើ និងស្រាបៀចំនួន ៥៩កេស និងឥវ៉ាន់ចាប់ហួយមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។