អាជ្ញាធរក្រុងកែបប្រាប់អាជីវករផ្សារក្តាមកុំឱ្យកោរភ្ញៀវ¶

33

កែប៖ ផ្សារក្តាមមានកេរ្តិ៍ឈ្មោះបោះសម្លេងដល់ឆាកអន្តរជាតិ និងត្រូវបានគេទទួលស្គាល់ថា ជាកន្លែងប្រមូលផ្តុំនូវគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទ ប្រកបដោយគុណភាព និងមានតម្លៃធូរថ្លៃអាចទទួលយកបាន ប៉ុន្តែ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះផ្សារមួយនេះ ត្រូវបានរង់ការរិះគន់ និងខ្លាចរអាពីសំណាក់អ្នកទេសចរ ដោយសារតែអាជីវករមួយចំនួនបានរកស៊ីកេងបន្លំគ្រប់រូបភាព និងភាពគ្មានសណ្តាប់ធ្នាប់ជាដើម។

ដើម្បីស្តារកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពឡើងវិញ   អាជ្ញាធរក្រុងកែប កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ បានចុះទៅដល់ផ្សារក្តាមដើម្បីរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាណែនាំអោយបណ្តាអាជីវករដែលរកស៊ីនៅផ្សារក្តាមលះបង់ចោលការលក់បន្លំអ្នកទិញ និងការកិបកេងភ្នែកជញ្ជីងជាដើម។

លោក ខេង យ័ន អភិបាលក្រុងកែបឱ្យដឹងក្នុងពេលចុះទៅកាន់ផ្សារក្តាមនេះ ថា រឿងលក់កោរភ្លៀវ មកចាប់ភ្ញៀវនៅកណ្តាលផ្លូវ បន្លំភ្នែកជញ្ជីងនេះ អាជ្ញាធរមិនបានទុកអោយអាជីវករដែលរកស៊ីប្រភេទនេះ បន្តសកម្មភាពរបស់ខ្លួនទៀតនោះទេ។

លោកបន្តថា អាជ្ញាធរក្រុងទុកពេលត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មិនអោយមានសកម្មភាពទៅចាប់ម៉ូយកណ្តាលផ្លូវ ពីសំណាក់អ្នកលក់ទៀតនោះទេ ហើយរឿងបន្លំភ្នែកជញ្ជីងលោកបានសហការជាមួយមន្ទីរជំនាញក្នុងការរៀបចំអោយមានជញ្ជីងយុត្តិធម៌ ហើយគ្រប់អាជីវករទាំងអស់ត្រូវប្រើជញ្ជីងដែលមានបិតនិមិត្តសញ្ញាចេញពីមន្ទីរជំនាញឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

អាជីវករមួយរូប លោក រដ្ឋា បានថ្លែងគាំទ្រចំពោះចំណាត់ការបស់អាជ្ញាធរក្រុងកែប លោកថាកន្លងមក រឿងនេះពិតជាបានកើតឡើងប្រាកដមែន ក្នុងនោះលោកសំណូមពរអោយអាជ្ញាធរធ្វើយ៉ាងណាបញ្ឈប់នូវសកម្មភាពរបស់អាជីវករដែលដេញចាប់ភ្ញៀវនៅលើផ្លូវ បញ្ឈប់ការគេងបន្លំភ្ញៀវគ្រប់រូបភាព និងប្រើជញ្ជីងដែលទទួលស្គាល់ដោយជំនាញ។

យ៉ាងណា អ្នកស្រី ធូរ ស្រីវិន ដែលជាអាជីវករផ្សារក្តាននេះ ក៏បានលើកឡើងដែរថា បើអ្នកស្រីមិនចេញទៅដើរហៅភ្ញៀវនៅខាងលើទេ អ្នកស្រីលក់គ្រឿងសមុទ្រមិនដាច់នោះឡើយ ណាមួយឃើញអ្នកលក់ផ្សេងទៀតចេញទៅហៅដែរ។ ចំពោះការកេងបន្លំភ្នែកជញ្ជីងវិញអ្នកស្រីបញ្ជាក់ថា ដោយសារអ្នកទិញអោយថោកពេក អញ្ជឹងមានតែសារេភ្នែកជញ្ជីង។

អ្នកស្រីបញ្ជាក់ “ដោយសារអ្នកទិញចង់បានថោក ឥវ៉ាន់យើងកាត់៣៥,០០០រ អោយយើង២០,០០០រៀល បើអោយពេញតម្លៃ២៨ (២៨,០០០រ) ឬ៣ម៉ឺន ក៏យើងអត់ស៊ីដែរ” ។ ពាក់ព័ន្ធជាមួយចំណាត់ការរបស់អាជ្ញាធរក្រុងវិញ អ្នកស្រីថា បើគេឈប់ អ្នកស្រីក៏ឈប់ហៅដូចគ្នា៕