ស្ថានភាពជំងឺស្ត្រីដែលគ្រូពេទ្យវះកាត់ចំពោះវៀនទទួលបានល្អប្រសើរឡើងវិញហើយ!

72

កំពង់ស្ពឺង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ហុក គ្រី បានឱ្យដឹងថា ស្ត្រីដែលរងការវះកាត់ចំពោះវៀន ឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមានស្ថានភាពកាន់តែប្រសើរឡើងខ្លាំងហើយ ខណៈដែលពេលនេះកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃប្រទេសថៃ។

លោក ហុក គ្រី បានបញ្ជាក់កាលពីថ្ងៃទី២១ ខែធ្នូ ថា សឿន ស្រីអូន ពេលនេះមានសុខភាពល្អឡើងវិញ អាចសើច និយាយលេងជាមួយក្រុមគ្រួសារ បានជាធម្មតា។ក្រុមគ្រូពេទ្យនៃប្រទេសថៃបានឱ្យគាត់ធ្វើការហាត់ប្រាណយ៉ាងទៀងទាត់ ដើម្បីសម្រួលឱ្យចលនានៃរាង្គកាយ ។

សូមរំលឹកផងដែរករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន អាយុ ២២ ឆ្នាំ បានចូលទៅសម្រាកនៅគ្លីនិកដើមអង្គ្រង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងឃុំព្រះនិព្វាន ស្រុកគងពិសីកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូនអាយុ ១៨ សប្តាហ៍ ។

ក្រុមគ្រូពេទ្យនៃគ្លីនិកដើមអង្គ្រងបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃនោះចេញ តែដោយបញ្ហាខ្វះជំនាញ ក្រុមគ្រូពេទ្យបានកាត់ពោះវៀនស្ត្រីអ្នកជំងឺដោយសន្និដ្ឋានថាជាទងផ្សិតកូន។ប្រការនេះបានធ្វើឱ្យស្ត្រីជាអ្នកជំងឺបានធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោមការយកចិត្តទុកដាក់និងសណ្តោសប្រណីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រកាសចេញរាល់ការចំណាយផ្សេងៗលើថ្លៃព្យាបាលទាំងស្រុងធ្វើយ៉ាងណាឱ្យស្ត្រីរងគ្រោះរូបនេះបានជាសះស្បើយ។

ជាមួយនោះក៏មានសប្បុរសជនជាច្រើនក៏បានចូលរួមលើកទឹកចិត្តនិងឧបត្ថម្ភដល់ស្រ្តីរូបនេះផងដែរ។ហើតការឧបត្ថម្ភនេះបានផ្តល់ជាលទ្ធភាពដល់គ្រួសារស្ត្រីរងគ្រោះអាចបន្តទៅព្យាបាលនៅប្រទេសថៃបន្ថែមទៀត ដែលបច្ចុប្បន្នស្ថានភាពជំងឺបានប្រសើរច្រើនហើយ៕