កុំចង់ខ្លាំងតែខ្លាំងផេះហើយ ទាស់ពាក្យសម្ដីជាមួយប្រពន្ធ ប្តីផ្ទុះកំហឹងដុតផ្ទះឆេះខ្ទេច

71

ខេត្តមណ្ឌគិរី៖ផ្ទះឈើដំបូលស័ង្កសីមួយ១ខ្នង ទំហំ៦គុណ៧ម៉ែត្រត្រូវបានអគ្គិភ័យឆេះក្លាយជាផេះ បណ្ដាលមកពីប្ដីប្រពន្ធទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ប្ដីដុតផ្ទះខ្លួនឯងចោលតែម្ដង ខណៈដែលករណីនេះកើតឡើងនៅវេលាម៉ោង១ និង០៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចភូមិ ពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ម្ចាស់ផ្ទះឈ្មោះ ជិន ថា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ មុំ លក្ខិណា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។
សម្ភារខូចខាតរួមមាន៖ លុយខ្មែរចំនួន៥លានរៀល, មាស៨ជី, ម៉ូតូ០១គ្រឿង (កែច្នៃ), ក្រែដេកចំនួន០២, តុចំនួន០១, ទូទឹកកកចំនួន០២ គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះ និងអុីវ៉ាន់ចាបហួយមួយចំនួន។


បើតាមប្រភពព័ត៌មានដែលទទួលបានថា មូលហេតុឆេះ គឺបណ្ដាលមកពីប្ដីប្រពន្ធទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ប្ដីដុតផ្ទះខ្លួនឯងចោលតែម្ដង។ ជនបង្កឈ្មោះ ជិន ថា ជាប្តីបានរត់គៀចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងប៉ុស្តិ៍បាន សហការ និងកម្លាំងអធិការដ្ឋានដោយបានប្រើប្រាស់ឡានទឹកចំនួន០១ គ្រឿង របស់អធិការដ្ឋាន និងប្រើទឹកអស់ចំនួន២ឡាន រហូតពន្លត់ភ្លើងបានជោគជ័យ។