មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន ករណីលួចចូលកាប់រុករានទន្ទ្រានព្រៃឈើខុសច្បាប់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

41

ខេត្តមណ្ឌលគិរី៖មនុស្ស ៤ នាក់ ដែលជាក្រុមអនាធិបតេយ្យកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២២នេះ ត្រូវ បានឃាត់ខ្លួន នៅចំណុចអូរនិមិត្ត ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក យិន សុខឡេង អភិបាលរងស្រុកកែវសីមាសម្របសម្រួលផ្ទាល់ដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងអាវុធហត្ថស្រុក មន្ត្រីជំនាញ សង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក អជ្ញាធរឃុំស្រែឈូក មេភូមិព្រះនិងប្រជាការពារ។

មនុស្សទាំង ៤នាក់មានឈ្មោះ ១ សំ វេត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ២ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងជាច ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៣ ញ៉ែម មករា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ៤ មួង សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចង្នាងខ្ពស់ ឃុំដងព្រែក ស្រុកគិរីវង់ ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បាននាំខ្លួនបញ្ជូមយកទៅខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕