ក្រសួងវប្បធម៌នឹងចុះស៊ើបអង្កេត និងមានវិធានការករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវណវត្តឧណ្ណាលោម

69

ភ្នំពេញ៖ ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។ នេះ បើតាមសេក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ជម្រាបជូន សាធារណជន។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ លោកជំទាវ ភឿងសក្ខណា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ចេញលិខិតទូលថ្វាយសម្ដេចព្រះអគ្គមហាសង្ឃ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបញ្ឈប់ការ រុះរើ វាយកម្ទេចអគារបុរាណចំនួន៣ក្នុងវត្តឧណ្ណាលោមនេះ។

លោកជំទាវថ្លែងថា ការវាយកម្ទេចកុដិបុរាណចំនួន៣ដែលកសាងឆ្នាំ១៩៣០ នេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះ កំពុងរង ការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។

បើតាម លោកជំទាវ ភឿង សក្ខណា សកម្មភាពនៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មក ជាមួយដែលចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ។

យោងតាមសារាចរណ៍ណែនាំ ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៨ ស.រ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្ដាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុងតាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍដែលទាមទារឱ្យមានការ ថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។

ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុងដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះ បុរាណស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម ៖
១ – ហាមឃាត់ចំពោះការកែប្រែការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ២ -ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណនិងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
៣ – បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបតីកភណ្ឌប្រកបដោយនិរន្តរភាព។
៤ -សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕