ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំសាងសង់រីសតចូលក្នុងសមុទ្រជាច្រើនរយម៉ែត្រនៅកោះស្តេច៖..(មានវីដេអូ)

123

កោះកុងៈ ដោយអាងអំណាចទឹកលុយជាធំ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសាងសង់រីសត (Resort) លក្ខណៈសំណង់រឹងមាំរំលោភចូលផ្ទៃសមុទ្រដែលមានប្រវែងជិត២០០ម៉ែត្រស្ថិតនៅលើ កោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខែត្រកោះកុង ដោយពុំបានធ្វើឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញក៍ដូចជាក្រសួងពាក់ព័ន្ធនានាធ្វើការហាមឃាត់សកម្មភាពនេះបានទេ។

សំណង់រឹងមាំគ្មានច្បាប់អនុញ្ញាតនេះ ចាប់ដំណើរការអស់រយៈពេលជាងមួយឆ្នាំមកហើយ ក៍ប៉ុន្តែគេពុំឃើញមានការហាមឃាត់ពីសំណាក់អាជ្ញាធរដែនដី ឬមន្ត្រីជំនាញឡើយ។ រីសត ដែលសាងសង់ចូលក្នុងសមុទ្រនេះ ធ្វើអំពីថ្មលាយឈើ ដែលបានប្រក់ស្បូវសប្បនិមិត មានលក្ខណៈធំសម្បើមណាស់ ហើយនៅកណ្ដាលវាលចែសតែម្ដងដែលធ្វើឱ្យមហាជនលើកជាសំណួរគ្មានចម្លើយថា ហេតុអ្វីអាជ្ញាធរដែនដីមើលវាពុំឃើញ ? ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពិតជាហ៊ានខ្លាំងណាស់សាងសង់សំណង់រឹងមាំជា «រីសត» ចូលក្នុងសមុទ្រដោយមិនខ្លាចញញើតខុសច្បាប់អ្វីបន្តិចសោះឡើយ ពីព្រោះគេអាងមានអំណាចទឹកលុយច្រើនដើរបិទមាត់អ្នកណាហ៊ានតវ៉ា។

ទាក់ទងទៅនឹងករណីខាងលើ អ្នកយកព័ត៌មានយើងធ្លាប់បានសាកសួរទៅមេការដែលមើលទទួលការខុសត្រូវ រីសត (Resort) ដែលបានសាងសង់ចូលសមុទ្រគឺលោក សំ អាង បានប្រាប់ថា សំណង់របស់លោកគឺគ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ចូលសមុទ្រទេ តែលោកក៍បានជូនដំណឹងដល់ អាជ្ញាធរឃុំ មន្ត្រីជំនាញ ក៍ដូចជា អាជ្ញាធរស្រុកផងដែរ មុននឹងសាងសង់។

ជុំវិញករណីខាងលើលោក សំ អាង ជាអ្នកមើលការខុសត្រូវ រីសត ប្រចាំកោះស្ដេច បានលើកឡើងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះថា រីសត ក្រុមរបស់លោកត្រូវបានអាជ្ញាធរហាមឃាត់ ឬមិនឱ្យដំណើរចាប់តាំងពីដើម ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។ អាជ្ញាធរបានតម្រូវឱ្យក្រុមរបស់លោកសុំច្បាប់អនុញ្ញាត ក៍ប៉ុន្តែមិនទាន់បានច្បាប់អនុញ្ញាតនោះទេ។

មន្ត្រីភូមិបាល ស្រុកគិរីសាគរ លោក អេង លេងស្រ៊ន់ ពុំបានលើកទូរស័ព្ទអ្នកសារព័ត៌មាន ដើម្បីសុំការបំភ្លឺពីការសាងសង់សំណង់រឹងចូលសមុទ្ររបស់ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ឡើយ។ ក៍ប៉ុន្តែលោក អេង លេងស្រ៊ន់ ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា លោកធ្លាប់បានធ្វើរបាយការណ៍ដាក់ជូនទៅ ខែត្រកោះកុង រួចអស់ហើយ…។

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោក ចេង មុនីរិទ្ធ អភិបាល ស្រុកគិរីសាគរ ខែត្រកោះកុង ដោយគ្រាន់តែឮសំឡេងថា អ្នកកាសែតលោកក៍បានចុចផ្ដាច់ទូរស័ព្ទ បើទោះបីព្យាយាមហៅចូលម្ដងទៀតក្ដី គឺលោកមិនព្រមទទួលទូរស័ព្ទឡើយ។

គួរបញ្ជាក់ថា ករណីសាងសង់សំណង់រឹងមាំ និងចាក់ដីចូលទៅក្នុងសមុទ្រ មានជាច្រើនកន្លែងនាពេលកន្លងមកនៅក្នុង ខែត្រកោះកុង។ ក៍ប៉ុន្តែត្រូវបានអាជ្ញាធរចុះផ្អាកជាបណ្ដោះអាសន្នដោយសារការចុះផ្សាយរបស់ សារព័ត៌មាន ជាក់ស្ដែងនៅ ស្រុកស្រែអំបិល ខែត្រកោះកុង។ល៕