ប្រយ័ត្នប៉ូលីផាកពិន័យ! រថយន្តជាង ១៧ ម៉ឺនគ្រឿងដែលហួសសុពលភាពឆៀក៖..

31

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឱ្យម្ចាស់យានយន្តចំនួនជាង ១៧ ម៉ឺនគ្រឿងនៅទូទាំងប្រទេស ដែលហួសសុពលភាពឆៀក ត្រូវរូររាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ (ឆៀក) ។ បើតមិនដូច្នោះទេ នគរបាលចរាចរណ៍នឹងចាប់ផាកពិន័យ អនុវត្តទៅតាមច្បាប់ជាធរមាន ។

ការអំពាវនាវរបស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយរបស់ក្រុមហ៊ុន So Brothers Co., Ltd. នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

លោបានគូសបញ្ជាក់ថា យានយន្ត ចំនួនប្រមាណជាង ១៧ម៉ឺនគ្រឿង ដែលហួសសុពលភាពឆៀក ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។

លោកស៊ុន ចាន់ ថុល បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យកយានយន្តទាំងនោះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន។

បើតាម លោក ស៊ុន ចាន់ថុល ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មីសាខាផ្សារដីហុយ ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្តល់សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
មណ្ឌលឆៀក សាខាផ្សារដីហុយនេះ គឺស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន So Brothers Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោម៥ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តពីក្រសួងសាធារណការ និងដឹកជញ្ជូន៕