កម្ពុជា និងអេមីរ៉ាតបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

37

ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បាន ប្រកាសបើកការចរចាជុំទី២ជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) ដែលការចរចានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសបើកនេះ មានការចូលរួមពី ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និង ឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០ រូប។

ប្រធានក្រុមចរចារបស់ភាគីទាំពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព។

ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា Cambodia-UAE CEPA មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀតដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរបន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរនឹងបន្តពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

វិស័យ និងអនុវិស័យសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សា រួមមាន៖ ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ ក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងន័យនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) នឹងបន្តជំរុញភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារឲ្យទូលំទូលាយ ការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្មលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព៕