ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំភ្លឺករណីឃាត់រថយន្ដលើសល្បឿនកំណត់ នៅស្រុកព្រៃឈរ

44

កំពង់ចាម៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញមកបំភ្លឺ និងច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងអ្នកអនុវត្តច្បាប់ ពាក់ព័ន្ធការឃាត់រថយន្ដដែលបើកបរលើសល្បឿនកំណត់ នៅផ្លូវជាតិលេខ៧ ចំណុចស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអះអាងថា បើទោះបីរថយន្ដនោះបានបើកបរល្បឿនកំណត់ ដល់៨៦គីឡូម៉ែត្រក្នុងម៉ោង (ល្បឿនកំណត់ត្រឹម៦០គីឡូម៉ែត្រក្នុងមួយម៉ោង) ប៉ុន្ដែកម្លាំងជំនាញមិនបានធ្វើការផាកពិន័យអ្នកបើកបរនោះទេ ពោលគ្រាន់តែធ្វើការអប់រំដោយផ្ទាល់មាត់ និងអនុញ្ញាតឲ្យអ្នកបើកបរបន្ដដំណើរ។

ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២៖២២នាទី នៅចំណុចគោលដៅឈរជើងរបស់កម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍ បានឃាត់រថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Z-3553 ពាក់ព័ន្ធបើកបរល្មេីសល្បឿនកំណត់៨៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលេីរថយន្ដមកដល់កន្លែងតុផាកពិន័យ ជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍ តែបុគ្គលនោះមិនបានទទួលកំហុសឡេីយ ដោយនិយាយជាមួយសមត្ថកិច្ចថា រថយន្ដខ្លួនបេីកបរក្នុងល្បឿន៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ទាប់មកមន្រ្ដីនគរបាលចរាចរណ៍ ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់ ទៅអ្នករួមដំណេីរនោះ និងបានហៅអ្នកបេីកបរមកជួប និងបង្ហាញរូបភាពល្មេីស (អ្នកបេីកបរនោះបានចុះមកតែមិនបានប្រកែកតវ៉ាទេ)។

ពេលនោះមន្រ្តីនគរបាលជំនាញ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់ អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ទៅកាន់អ្នកបេីកបររួចហើយ ក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយមិនមានការផាកពិន័យឡេីយ។

បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «រាជនី ធីតាសួគ៌» រូបនេះ ដើម្បីកោះអញ្ជេីញមកធ្វេីការសាកសួរបំភ្លឺ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមលើគណនីហ្វេសប៊ុករបស់គាត់។ បេីរកឃេីញថា បុគ្គលម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះខាងលើនោះ បានប្រព្រឹត្តខុសហេីយចោទប្រកាន់មកលេីមន្រ្តីអនុវត្តច្បាប់ ដែលជាចេតនាទុច្ចរិតធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ ដល់មន្រ្តីនគរបាលជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់នឹងអនុវត្តតាមនីតិវិធី៕