បណ្ឌិតសុខ ទូច គ្រោងស្នើទៅរាជរដ្ឋាភិបាលអាណត្តិក្រោយ កុំឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមធនាគារ

76

ភ្នំពេញ៖ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងស្នើទៅរាជរដ្ឋាភិបាលនៅអាណត្តិក្រោយ កុំឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមប្រព័ន្ធ ATM នៅតាមធនាគារ ព្រោះលោក យល់ឃើញថា ការតាមធនាគារនេះ គឺធ្វើឱ្យមន្ត្រីរាជការមិនចូលធ្វើការក្នុងការិយាល័យ ហើយទៅធ្វើការជាមួយវិស័យឯកជននៅខាងក្រៅ។

ការលើកឡើងរបស់លោកបណ្ឌិតសុខ ទូចនេះ បន្ទាប់ពីលោកមើលឃើញថា មន្ត្រីរាជការភាគច្រើន ជាពិសេសមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាដែលបើកប្រាក់ខែពីរាជរដ្ឋាភិបាល មិនចូលធ្វើការ ហើយយកម៉ោងទៅបង្រៀននៅខាងក្រៅ។

ទោះជាយ៉ាងណា លោកក៏បានឯកភាពដែរថា ការបើកប្រាក់បៀវត្ស៍តាមធនាគារនេះ ក៏បានជួយកុំឱ្យមានអំពើពុករលួយនៅតាមស្ថាប័នផងដែរ។

ទោះជាយ៉ាងណានេះក្តី ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងចាប់ផ្តើមដំណើរការផ្តល់ ជូនមន្ត្រីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់ បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។

បើតាមក្រសួងមុខងារសាធារណៈ ការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល បន្ទាប់ពីក្រសួងមុខងារសាធារណៈ ជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ។

សេក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹង ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីខាងមុខនេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ គូសបញ្ជាក់សាជាថ្មីម្តងទៀតពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គម ជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា។