កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ពាក់ព័ន្ធគ្រឿងញៀន

31

ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង២០:០០នាទី។ នេះ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយកាលពីម្សិលមិញ។

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ ដោយបានការឯកភាពពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ឺម ម៉ិច។

ប្រភពដដែលបន្តថា កម្លាំបប្រតិបត្តិការបានចុះល្បាតនៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ដោយបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០១នាក់)។ ក្នុងនោះ ១-នៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ២-នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ៣-ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួម មាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣កញ្ចប់ថង់តូច, ដបទឹកកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយ និងដែកកេះមួយ, ទូរស័ព្ទចំនួន០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕