មេធាវីរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រតិកម្មឆ្លើយតបទណ្ឌិត សម រង្សី ចោទសម្តេចតេជោ លួចប្រើឈ្មោះ ប្រធានអាស៊ាន

46

ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ សម្តែងការហួសចិត្តយ៉ាងខ្លាំងហួសពីការស្មាន ចំពោះជន អន្ធពាល ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបង្ហាញនូវភាពល្ងង់ខ្លៅ អវិជ្ជាហួសកម្រិតរបស់ខ្លួន និងបន្តបំភ្លៃ ប៉ុនប៉ងភូតកុហកបោកប្រាស់មហាជនជាដរាប តាមរយៈការសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លួចប្រើឈ្មោះជា ប្រធាន អាស៊ាន ដើម្បីឱ្យ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទទួលជាផ្លូវការ ។

ការចេញសេក្តីថ្លែងការណ៍ប្រតិកម្មនេះ ធ្វើឡើង បន្ទាប់ពីទណ្ឌិតជាប់ទោស សម រង្ស៊ី មេឧទាមរត់ចោលស្រុក បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លូនថា សម្តេចតេជោ ហ៊ុន សែន លួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួន ជាផ្លូវការ នៅថ្ងៃ ១៣ ធ្នូ ២០២២។

បើតាមលោក សម រង្ស៊ី តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទេ ដែលជាប្រធានអាស៊ាន បច្ចុប្បន្ន។ កាលពីឆ្នាំ ២០០៧ ប្រធានាធិបតីបារាំង Nicolas Sarkozy បានភ្លាត់ស្នៀតម្តងហើយ ដោយទទួលជនផ្តាច់ការ ប្រទេសលីប៊ី ឈ្មោះ Moammar Gaddafi ដែលត្រូវប្រជារាស្ត្រខ្លួនឯង កាត់ទោសប្រហារជីវិត នៅឆ្នាំ ២០១១។

យ៉ាងនេះក្តីតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី ១៧ ខែធ្នូនេះ ឱ្យដឹងថា យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រធានអាស៊ាន ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ ។

 

សេចក្តីថ្លែងការណ៍ដដែលបន្តថា ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅមុនចប់ដំណាច់ ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងខណៈពេលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យជាការសម្គាល់ថា ចប់អាណត្តិរបស់ប្រធានអាស៊ានកំពុងកាន់តំណែង ដែលប្រគល់ញញួរជាមុន ទៅជូនប្រធានថ្មីបម្រុងនោះឡើយ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ឋានៈជាប្រធានអាស៊ានរបស់ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទើបចប់អាណត្តិ ។

ក្រុមមេធាវីរាជរដ្ឋាភិបាលបានចាត់ទុកទង្វើរបស់ទណ្ឌិតមេឧបឃាត សម រង្ស៊ី មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណរបស់ខ្លួន និង ការបន្ត ចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងបណ្ដាប្រទេសនៅអឺរ៉ុប ស្នងការអឺរ៉ុប សភា អឺរ៉ុប និងរដ្ឋម្ចាស់ផ្ទះ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងពេញលក្ខណៈការទូត ស្របតាមនិយាមច្បាប់ អន្តរជាតិ ចំពោះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ហើយក៏មើលងាយមើលថោក បន្លុះបង្អាប់ចំពោះថ្នាក់ ដឹកនាំ និងប្រជាជន នៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ រួមទាំង ឯកឧត្តម JOKO WIDODO ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចូលរួមជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ជាប្រធាន ៕