សមត្ថកិច្ចក្រុងបានលុងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ដក់ហូតអាវុធនិងគ្រឿងញៀនមួយចំនួន៖.

15

ខេត្តរតនគិរី៖ជនសង្ស័យប្រុសស្រីចំនួន២នាក់ ព្រមទាំងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បង្ក្រាបបានកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣.០០នាទី រសៀល ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងមានការដឹកនាំសម្របសម្រួលនិតិវិធីពី ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀន០១ករណី នៅចំណុចផ្ទះជួលរបស់ជនសង្ស័យមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុង បានលុង ខេត្តរតនគិរី។

យោងតាមការឲ្យដឹងពីសមត្ថកិច្ចថា បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ហើយបានឆែកឆេរដកហូតបានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន៥ថង់ធំ និងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

ជនសង្ស័យមានឈ្មោះ ហ៊ង សុធន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លទ្ធផលធ្វើតេសវិជ្ជមាន (+) និងម្នាក់ទៀត មានឈ្មោះ គង់ ចន្ធូ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិ រកាខ្នោ ឃុំរកាខ្នោ ក្រុងក្រចេះ ខេត្តក្រចេះ លទ្ធផលធ្វើតេស អវិជ្ជមាន(-)។

ចំណែកវត្ថុតាងដកហូតបានមាន ១.សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន០៥ថង់ធំ ទម្ងន់សុទ្ធ៥៨.៦៥ក្រាម ២.លុយខ្មែរចំនួន២៥០,០០០រៀល (លុយវិធាន) ៣.អាវុធឆ្នៃ ចំនួន០១ដើម និងគ្រាប់មួយចំនួន ៤.ជញ្ជីងថ្លឹង០១គ្រឿង ៥.ទូរសព្ទ័ចំនួន០១គ្រឿង និងថង់ច្រកមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីក៏សាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕