សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអ៊ឺរ៉ុបនៅសប្តាហ៍ក្រោយ

7

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហ ប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអ៊ឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ៩ ខែធ្នូ ឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។

បើតាមសេក្តីប្រកាសព័ត៌មាននេះ កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាព អឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួមមាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។

នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹង អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ ឯកឧត្តម អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមានអេលីហ្សេ ផាលេស (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្ដីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថានឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសាអាហារការងាពេល ព្រឹកជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕