ម៉ូតូពីរគ្រឿងបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាលបីនាក់៖.

48

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯមនុស្សចំនួន០៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងម្តុំផ្សារត្រែងត្រយឹង ខណៈដែលម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង។

ហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាមានមនុស្សស្លាប់និងរបួសនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកោះកុង1A-2437 អ្នកបើកបរដោយឈ្មោះ យឿន យ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ(បានរបួសធ្ងន់ធ្ងរ) អ្នករួមដំណើរឈ្មោះ ខា សុខជីន ភេទប្រុស អាយុ១២ឆ្នាំ(របួសស្រាល)ទាំងពីរនាក់ នៅភូមិទី៤ ឃុំត្រែងយឹង ស្រុកភ្នំស្រួច បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងទិសដៅ ពីទិសខាងត្បូងទៅទិសខាងជើង លុះធ្វើដំណើរ.។

ដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ០១គ្រឿង ទៀតម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយឈ្មោះ អ៊ុក តារា ភេទប្រុស អាយុ៦៨ឆ្នាំ(បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ នុន ជីផាន់ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាប្រពន្ធ(របួសស្រាល)ទាំងពីរនាក់ នៅភូមិទី៥ ឃុំត្រែងយឹង ស្រុកភ្នំស្រួច ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់បុរសវ័យចំណាស់ម្នាក់ឈ្មោះ(អ៊ុក តារា ) ក្រោយកើតហេតុនគរបាលជំនាញចុះធ្វើការវាស់វែង នគរបាលជំនាញ បានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះអ្នករងរបួសចំនួន០៣នាក់ ស្រី០១នាក់ (យឿន យ៉ុន ខា សុខជីន និងនុន ជីផាន់ ត្រូវរថយន្តសង្គ្រោះ បញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជនម្តុំ ផ្សារត្រែងយឹងដើម្បីសង្គ្រោះព្យាបាល។ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងនគរបាលជំនាញបាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖kctv