រដ្ឋបាភលស្រុកជុំគីរីបំភ្លឺការធ្វើស្លាករដ្ឋបាលស្រុក

106

ភ្នំពេញ៖ រដ្ឋបាលស្រុកជុំគិរី នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ បានចេញលិខិតបំភ្លឺ ពាក់ព័ន្ធនឹងគណនី Facebook មួយ ឈ្មោះ Chuop Thanntharith បានផុស ជុំវិញការការធ្វើស្លាករដ្ឋបាលស្រុកដែលមិនអាចទទួលបាន ព្រោះគណហ្វេសបុកនេះបានជួយចេញលុយ ៣០០ដុល្លារ តែលទ្ធចេញមកមិនសមដូចបំណង។

គណនីFacebook ឈ្មោះ Chuop Thanntharith បានសរសេររៀបរាបនៅលើគណនីរបស់ខ្លួនកាល ពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ ថា៖ បងប្អូនអើយជួយពិចារណាមើល ផ្លាកនេះត្រូវធ្វើ ក្នុងតម្លៃ៥៦០ ដុល្លារ ខ្ញុំចេញលុយ៣០០ដុល្លាហើយខាងសាលាស្រុកជុំគីរីត្រូវចេញ២៦០ដុល្លា ។សាលាស្រុកជា អ្នកទទួល បន្ទុកធ្វើ។ ដល់លទ្ធផលបានផ្លាករបៀបនេះមក តើសមរម្យទេត្រឹមត្រូវទេ?ខ្ញុំឈឺចាប់ណាស់នូវអំពើដ៏លាមកថោកទាប របៀបនេះ ។តាមមតិរបស់បងប្អូនថាមិនអស់១០០ដុល្លាផង។

ក្រោយការផុសរបស់គណនីហ្វេសបុកខាងលើ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន អ្នកលេងបណ្តាញសង្គម និងបន្តចែករំលែកព្រោងព្រាតក្នុងបណ្តាញសង្គមហ្វេសបុក។

ដើម្បីកុំឱ្យសាធារណៈជន មានការភាន់ច្រឡំករណីខាងលើ តទៅទៀត រដ្ឋបាលស្រុកជុំគិរី បានបំភ្លឺ និង ជម្រាបជូន សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖លោក ជួប ថាន់ ដែលជាម្ចាស់គណនីFacebook ឈ្មោះ Chuop Thanntharith បានមកទំនាក់ទំនងជាមួយរដ្ឋបាលស្រុក និងបានពិភាក្សាចង់ធ្វើស្លាកសញ្ញាបង្ហាញទីតាំង សាលាស្រុកជុំគិរី នៅត្រង់ចំណុចក្បាលថ្នល់ជាប់នឹងផ្លូវជាតិ៤១ (ផ្លូវព្រះអង្គឌួង) ហើយរដ្ឋបាលស្រុកគ្រោង រៀបចំធ្វើជាសំណង់រឹង ដែលមានទទឹង១.៨០ម៉ែត្របណ្តោយ២ម៉ែត្រ បិទអក្សរឆ្លាក់ពីថ្មម៉ាប ចាប់ស៊ុជារចនាបទ និងមានបំពាក់ភ្លើងសូឡាបំភ្លឺ ព្រមទាំងសរសេរឈ្មោះម្ចាស់ជំនួយនៅលើស្លាកនោះដែលគ្រោងចំណាយថវិកា ច្រើន។

ក្នុងនោះដែរលោក ជួប ថាន់ បានជួយឧបត្ថម្ភថវិកា ចំនួន៣០០ដុល្លារ សម្រាប់សាងសង់ស្លាកបង្ហាញ ទីតាំងនេះ ក្រោយពីបានឧបត្ថម្ភថវិការួចប្រហែលមួយសប្តាហ៍ លោក ជួប ថាន់ តែងតែខលសួរតាមទូរស័ព្ទថា មិនឃើញធ្វើស្លាកនោះ ហើយរដ្ឋបាលស្រុកបានជម្រាបជូនលោក ជួប ថាន់ ថា៖ ដោយរាជារដ្ឋាភិបាលកំពុង រៀបចំស្ថាបនាពង្រីផ្លូវជាតិ៤១បន្ថែមទៀត យើងមិនអាចធ្វើនៅពេលនេះបាន ខ្លាចក្រែងការស្ថាបនាពង្រីកផ្លូវ នាំអោយមានការប៉ះពាល់ខូចខាតស្លាកសញ្ញានេះ។

ទោះជាមានការបញ្ជាក់ប្រាប់យ៉ាងណាក៏លោក ជួប ថាន់ ហាក់បីដូចជាមិនយល់ ហើយចង់ឃើញតែឈ្មោះរបស់ខ្លួនជាម្ចាស់ជំនួយ ក្រោយមករដ្ឋបាលស្រុកបានពិភាក្សា គ្នាធ្វើស្លាក និងដាក់ឈ្មោះលោក ជួប ជាបណ្តោះអាសន្នតែប៉ុណ្ណោះ រង់ចាំក្រុមហ៊ុនស្ថាបនាផ្លូវឈូស ឆាយពង្រីករួចរាល់។
ករណីខាងលើនេះ រដ្ឋបាលស្រុកជុំគិរី ស្នើសុំសាធារណៈជនទាំងអស់មេត្តាឈប់យល់ច្រឡំ មកលើរដ្ឋបាលស្រុកតទៅទៀត ហើយរដ្ឋបាលស្រុកសូមបដិសេធ រាល់ការចោទប្រកាន់ ទាំងឡាយណាដែលផ្ទុយ នឹងខ្លឹមសារ ដែលបានបំភ្លឺខាងលើ។

ទោះជាយ៉ាងនេះ ក្តីមហាជននៅក្នុងបណ្តាញសង្គម បានបញ្ចេញមតិរិះគន់ទៅលើសាលាស្រុកជុំគិរី និងចោទប្រកាន់ពីបទអំពើពុករលួយ និងកិបកេងថវិកាជាដើម។ អ្នកខ្លះទៀត ក៏មិនហ៊ានបញ្ចេញមតិផងដែរ ព្រោះភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន៕