សត្វគោងាប់៤ក្បាលនៅក្រោមបង្គោលត្រង់ហ្វូអគ្គិសនី សង្ស័យឆក់ចរន្តអគ្គីសនី

22

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់សត្វគោងាប់រណូករណែល ចំនួន ០៤ក្បាលនៅក្រោមបង្គោលត្រង់ហ្វូអគ្គិសនីសង្ស័យថាឆក់ចរន្តអគ្គីសនីនិងគោច្រើនក្បាលទៀត បាន ស្ទុះបោលរត់ចេញរួច។

ករណីបង្គោលភ្លើងអគ្គិសនី ឆក់គោងាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៤៨នាទី ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយថ្នល់ជាតិលេខ១ ខាងកើតក្លោងទ្វាវត្តចំបក់បិតមាស ស្ថិតនៅក្នុង ភូមិចំបក់ សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

បើតាមប្រជាពលរដ្ឋ ដែលឃើញផ្ទាល់បានឲ្យដឹងថា នៅមុនពេល កើតហេតុនោះគេឃើញសត្វគោមួយហ្វូងបានបោលឆ្លងកាត់ថ្នល់ជាតិលេខ១ ពីត្បូងមកជើង លុះដល់ចំណុចបង្គោលត្រង់ហ្វូ នៃបង្គោលភ្លើងអគ្គិសនីនោះ ស្រាប់តែសត្វគោ បានដួល ប្រកាច់ទៅលើដី ក្រោមបង្គោលត្រង់ហ្វូជាបន្តបន្ទាប់ ចំនួន ០៤ក្បាល។

ចំណែកសត្វគោជាច្រើនទៀត បានស្ទុះបោល ចេញរួច ខ្លះដួលច្រង៉ាប់ច្រងុល ហើយក្រោកឡើង បោល ទៅមុខទៀត រួចផុតជីវិត។

ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតហេតុឲ្យដឹងថា ប៉ុន្មានថ្ងៃ នេះ មានភ្លៀងធ្លាក់រាល់ថ្ងៃ បណ្តាលឲ្យដីសើម ហើយ បង្គោលត្រង់ហ្វូមានបុកខ្សែម៉ាស់ មកជាប់ដីក្បែរបង្គោល ខណៈហ្វូងសត្វគោ បោលមកជិតបង្គោលត្រង់ហ្វូ ស្រាប់តែ ស្រូបឆក់ ដួលងាប់ជាបន្តបន្ទាប់ ៤ក្បាល ហើយគោជាច្រើន ទៀត រើស្ទុះឡើង បោលចេញរួច។

បើតាមប្រជាពលរដ្ឋ នេះសំណាងហើយហ្វូងសត្វគោ បោលកាត់ទីនោះ ប្រសិនបើ មានភ្លៀងរលឹម ហើយមានមនុស្សដើរឆ្លុះត្រីកង្កែប ឬក៏ដើរក្បែរ បង្គោលត្រង់ហ្វូនោះ ពិតជាឆក់ស្លាប់មិនខាន។

ប្រជាពលរដ្ឋ បានរាយការណ៍ទៅមន្ត្រីអគ្គិសនីស្វាយរៀង អំពីករណីនេះ ហើយ ២០នាទីក្រោយមក មន្ត្រីអគ្គិសនីខេត្ត ស្វាយរៀង បានមកដល់បិទបារ៉ែតភ្លើង ទើបម្ចាស់គោអាចចូលយកសាកសពគោរបស់ពួកគាត់ ដឹកទៅផ្ទះរៀងៗខ្លួន។

ទាក់ទិនករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកប្រធានអគ្គិសនីស្វាយរៀងបានទេ។

ម្ចាស់គោស្នើសុំឲ្យលោកប្រធានអគ្គិសនីស្វាយរៀងទទួលខុសត្រូវ និងដោះស្រាយសំណងដោយចរន្តអគ្គិសនី ឆក់សត្វគោរបស់ពួកគាត់ បណ្តាលឲ្យងាប់ដូច្នេះ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអនុញ្ញាត ឲ្យម្ចាស់គោ យកសពគោទៅផ្ទះរៀងខ្លួនហើយចាំដោះស្រាយពេលក្រោយ ៕