ពួនសម្ងំលក់ដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងព្រៃក្រោយផ្ទះត្រូវនគរបាលឃាត់ខ្លួន

40

ខេត្តកណ្ដាល៖បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនរួមជាមួយថ្នាំញៀន១០កញ្ចប់ ខណៈកំពុងលក់ដូរដោយខុសច្បាប់ នៅចំណុចក្នុងព្រៃក្រោយភូមិ ស្ថិតក្នុង ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី ០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៤ល្ងាច ។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះធឿន មករា ហៅតាប់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (ក្នុងនោះកញ្ចប់តូចចំនួន ០៨កញ្ចប់ និងកញ្ចប់ធំចំនួន០២កញ្ចប់)និង សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចបន្តទៀតថា៖កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារចេញល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យកំពុង់អង្គុយក្នុងព្រៃ ។

ប្រភពបន្ថែមទៀតថាដោយមានការសង្ស័យសមត្ថកិច្ចបានចូលធ្វើការត្រួតពិនិត្យនិង ឆែកឆេរបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន រួចក៏បាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលព្រែកគយ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យ ឈ្មោះធឿន មករា ហៅតាប់បានសារភាពថា«គ្រឿងញៀនចំនួន១០កញ្ចប់នេះ ពិតជារបស់ខ្លួនពិតមែន ដែលឈ្មោះ វៃ ឆវ័ន ហៅហ៊ីង ភេទប្រុស អាយុ ២៩ឆ្នាំ បានឲ្យមកខ្លួនដើម្បីយកមករំលែកលក់បន្ត តម្លៃ ពីរម៉ឺនរៀលទៅបីម៉ឺនរៀល ក្នុងមួយកញ្ចប់តូច»។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់៕