បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចរថយន្ត

10

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយករថយន្ត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ក្រោយពីមានករណីលួចរថយន្ត នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ចាត់វិធានការ ស្រាវជ្រាវ ដោយពិនិត្យឃើញពីស្នាមកង់រយន្តចេញទៅទិសខាងកើត កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលខេត្តសៀមរាប ។

លោកបន្តថា នៅវេលាម៉ោងជិត០៨ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក និងកំលាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកាដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យនិងរថយន្តបាននៅចំនុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប រួចប្រគល់ឲ្យកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ យកកមកសួរនាំនិង អនុវត្តតាមនិតិវិធី ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះឌុក វាសនា ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែករថយន្តដែលជនសង្ស័យលួចយកម៉ាក ហ៊ីយាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់បន្ថែមថា តាមការរៀបរាប់របស់ម្ចាស់រថយន្ត មុនពេល កើតហេតុវេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ បានយករថយន្តមកចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ06 រួចទៅដេកដោយមិនបានដកសោ កុងតាក់ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត ហើយប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍ ៕