អ្នកឧកញ៉ា គួច ម៉េងលី៖ «យើងមិនត្រូវធ្វើតែកំណែទម្រង់តែទៅលើការប្រឡងរបស់សិស្សនោះទេ ប៉ុន្តែយើងត្រូវធ្វើកំណែទម្រង់ទៅលើគ្រូគ្រប់កម្រិត»

127

ភ្នំពេញ៖ «បើយើងពិតជាចង់ធ្វើកំណែទម្រង់ យើងមិនត្រូវធ្វើតែកំណែទម្រង់តែទៅលើការប្រឡងរបស់សិស្សនោះទេ ប៉ុន្តែយើងត្រូវធ្វើកំណែទម្រង់ទៅលើគ្រូគ្រប់កម្រិត»។ នេះ គឺជាសារបញ្ជាក់ជាថ្មីកាលពីថ្ងៃទី ២ ខែធ្នូ របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនផ្ញើ ជូនចំពោះក្មួយៗ និងប្រិយមិត្ត អ្នកគាំទ្ររបស់អ្នកឧកញ៉ា ដែលចង់សំដៅទៅក្រសួងអប់រំ យុវជន និងកីឡា ។

បើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្ដល់ការបណ្ដុះបណ្ដាលគ្រូឱ្យបានពិតប្រាកដ ហើយគាត់ត្រូវបង្រៀនឱ្យបានពិតប្រាកដ តឹងតែងនៅក្នុងម៉ោងសិក្សា ដោយមិនត្រូវយកពេលវេលាទៅបង្រៀនគួរខាងក្រៅឡើយ។ នេះជាឧបសគ្គដែលសិស្សក្រីក្រ មិនអាចទៅរៀនគួរបាន។

ការលើកឡើងខាងលើ របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីត្រូវបានគេមើលឃើញថា ធ្វើឡើង បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលនយោបាយកំណែទម្រង់ និងរឹតបន្តឹង នៅពេលប្រឡងបាក់ឌុបនាពេលកន្លងមក និងនៅពេលខាងមុខ «អ្នកចេះ គឺជាប់» ។

អ្នកឧកញ៉ា បានពន្យល់ថា បើសិស្សរៀនមួយព្រឹកហើយ ហេតុអ្វីចាំបាច់ចំណាយពេលមួយល្ងាចទៅរៀនគួរទៀត? សិស្សមួយចំនួនប្រហែល ៤០% ទៅ ៥០% គ្មានពេលរៀនគួរទេ ដោយសារពួកគេជាប់រវល់កិច្ចការស្រែចម្ការរបស់ឪពុកម្ដាយ ហើយក៏គ្មានលុយសម្រាប់រៀនគួរដែរ។ យើងដឹងហើយថា សាលារដ្ឋមិនត្រូវបង់ប្រាក់ទេ ប៉ុន្តែក៏ត្រូវបង់រំលស់តាមរយៈការចំណាយជារៀងរាល់ថ្ងៃដែរ ដែលខុសពីសាលាឯកជនដែលត្រូវបង់ទាំងដុលតែម្ដង។ ប៉ុន្តែ បើយកការចំណាយរំលស់របស់សាលារដ្ឋមកគុណក៏ប្រហែលនឹងការចំណាយទាំងដុលរបស់សាលាឯកជនដែរ។

អ្នកឧកញ៉ាបន្ថែមថា បើយើងចង់ឱ្យសិស្សយើងចេះ មួយឆ្នាំសិក្សាត្រូវមានប្រឡងតាមកម្រិតថ្នាក់នីមួយៗ និងមាននិទ្ទេស A, B, C, D, E និង F។ បើសិស្សណារៀនមិនពូកែ ហើយបាននិទ្ទេស F គាត់ត្រូវធ្លាក់ និងរៀនត្រួតថ្នាក់នោះម្ដងទៀត ឧទាហរណ៍ ថ្នាក់ទី ៧, ៨, ៩, ១០ ឬ ១១។ សិស្សធ្លាក់តែមួយឆ្នាំ ឬពីរឆ្នាំ បើគាត់មិនខំរៀន មិនមែនធ្លាក់នៅឆ្នាំចុងក្រោយ បន្ទាប់ពីសិក្សាអស់១២ឆ្នាំនោះទេ។ ម្យ៉ាងទៀត ហេតុអ្វីសិស្សមិនអាចជាប់ ១០០%? តើនេះមកពីសមត្ថភាពពួកគេ ឬមកពីផែនការរបស់យើង? យើងមិនគួរខ្វល់អំពីចំនួនសិស្សដែលជាប់ទេ វាអាស្រ័យលើការបង្រៀនរបស់យើង។ បើយើងបង្រៀនបានល្អ ហើយគាត់ចេះ ឱ្យពួកគាត់ជាប់ទៅ អត់មានអ្វីត្រូវខាតបង់ទេ។

អ្នកឧកញ៉ា លើកឡើងទៀតថា ចំណែក ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើនបានខិតខំចំណាយថវិកាឱ្យកូនរៀនរាល់ឆ្នាំ ហើយគាត់យល់ថា នៅពេលដែលកូនគាត់ឡើងពីមួយថ្នាក់ទៅមួយថ្នាក់ មានន័យថា កូនគាត់បានរៀនចេះហើយ។ បើកូនគាត់ចេះហើយ ហេតុអ្វីទម្លាក់កូនគាត់នៅឆ្នាំចុងក្រោយគឺថ្នាក់ទី១២? ការណ៍នេះក៏បានធ្វើឱ្យឪពុកម្ដាយ និងអ្នកអាណាព្យាបាលមួយចំនួនមិនសប្បាយចិត្ត និងក្ដៅក្រហាយផងដែរ។

អ្នកឧកញ៉ាបន្ថែម នៅពេលចូលដល់សាកលវិទ្យាល័យ ក៏មានតែកូនអ្នកមានចូលរៀន។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យទៀតសោត ក៏បង្រៀនជាភាសាអង់គ្លេស។ កម្មវិធីសិក្សារបស់ជាតិសោះ ហេតុអ្វីក៏ត្រូវបង្រៀនជាភាសាអង់គ្លេស? ចុះកូនអ្នកក្រដែលគ្មានលុយទៅរៀនគួរ និងរៀនភាសាអង់គ្លេសនឹងរៀនយ៉ាងដូចម្ដេច ហើយតើយើងបានបណ្ដុះសិស្សឱ្យរៀនភាសាអង់គ្លេសចាប់ពីថ្នាក់ណាមក? ចំណុចនេះបង្ហាញថាប្រព័ន្ធអប់រំយើងគ្មានសមធម៌ និងអយុត្តិធម៌សម្រាប់កូនអ្នកក្រទេ។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែមានបរិញ្ញាបត្ររង។ នៅប្រទេសដទៃ សិស្សរបស់គេដែលចូលសាកលវិទ្យាល័យមានចំនួនពី ៧០% ទៅ ៨០% ព្រោះសាកលវិទ្យាល័យគេល្អ មានគុណភាព។ បើសាកលវិទ្យាល័យគេល្អ និងមានគុណភាព ចុះហេតុអ្វីបានជាសាកលវិទ្យាល័យយើងមិនល្អ និងមានគុណភាពដូចគេ? ហេតុអ្វីបានជាយើងមិនអាចគ្រប់គ្រងសាកលវិទ្យាល័យឱ្យបានល្អ? ឬដោយសារយើងគ្មានអ្នកមើលខុសត្រូវ?

បើសិស្សត្រូវបន្តចូលរៀននៅសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប៉ុន្តែយើងគ្មានសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់គ្រាន់សម្រាប់សិស្ស ប្រៀបដូចជាយើងលក់សំបុត្រកុន ហើយពេលភ្ញៀវចូលមើលតាមទ្វារនេះ យើងប្រាប់គាត់ថា «រោងកុនពេញណែនហើយ» ទៅចូលតាមទ្វារមួយទៀត យើងក៏ប្រាប់ថា «រោងកុនពេញណែនហើយ» ភរ បោកក្មេងអ៊ីចឹង។

ពេលខ្លះយើងបន្ទោសថាក្មេងចោលម្សៀត ល្ងង់ រៀនចប់ ចេញមកធ្វើការមិនកើត។ តើនេះមកពីសិស្សខ្លួនឯង ឬមកពីសាកលវិទ្យាល័យគ្មានគុណភាព? ឬមកពីយើងមិនបានធ្វើអធិការកិច្ចសាកលវិទ្យាល័យឱ្យបានពេញលេញ? ហេតុដូច្នេះហើយ បានជាសាស្ត្រាចារ្យមួយចំនួន បង្រៀនដោយបន្លំ ប្រៀបដូចជាមិនបង្រៀន ហើយសិស្សក៏មិនចេះ ចេញមកក៏ធ្វើការមិនកើត។ ដូច្នេះ តើយើងត្រូវបន្ទោសនិស្សិត ឬក៏បន្ទោសសាកលវិទ្យាល័យ? បើនិស្សិតម្នាក់ ឬពីរនាក់មិនចេះ នោះមកពីនិស្សិតនោះខ្ជិល ប៉ុន្តែបើនិស្សិតមួយប្រទេសមិនចេះ គេមិនដែលថានិស្សិតមួយប្រទេសល្ងង់នោះទេ មកពីយើងមិនបង្រៀនពួកគេ ពោលគឺមកពីសាកលវិទ្យាល័យយើងគ្មានគុណភាព។

KC-Web, [12/3/2022 12:21 PM]
សិស្សយើងត្រូវរៀនឱ្យចេះ កុំឱ្យបរទេសមើលងាយយើងថាសិស្សយើងមួយប្រទេសសុទ្ធតែល្ងង់ ឬសូម្បីតែអាណាព្យាបាលក៏គិតថា សិស្សយើងមួយប្រទេសល្ងង់ដល់ម្លឹង! នៅពេលសិស្សយើងត្រូវគេមើលងាយថាល្ងង់បែបនេះ គាត់បាក់ទឹកចិត្ត យល់ថាគ្មានអ្នកឱ្យតម្លៃ ដោយសារគ្មានសញ្ញាបត្របាក់ឌុប ហើយសូម្បីកន្លែងធ្វើការក៏គេមិនឱ្យតម្លៃដែរ។ ពួកគាត់ត្រូវធ្វើការងារតូចតាច គ្មានជំនាញ និងទទួលបានប្រាក់កម្រៃក្រោមអតិផរណា។

ដោយសារយើងទម្លាក់សិស្សយើងពី ៤០% ទៅ ៥០% ក្នុងមួយឆ្នាំ យុវជនមួយចំនួនក៏មើលឃើញថា បើទោះបីពួកគេបន្តរៀនទៅមុខទៀតគង់តែធ្លាក់ដដែល ពួកគេក៏សម្រេចចិត្តបោះបង់ការសិក្សាតាំងពីថ្នាក់ទី ៩ ឬទី ១០ ដើម្បីស្វែងរកការងារធ្វើ ព្រោះចំណេញពេលវេលា និងបានថវិកាដើម្បីផ្គត់ផ្គង់គ្រួសារ ឪពុកម្ដាយ ទិញដីធ្លី ឬសម្រាប់រៀនបន្ដទៀត។ ហេតុដូច្នេះបានជាសាលារដ្ឋមួយចំនួនមិនសូវមានសិស្សរៀន
ព្រោះសិស្សគិតថា អនាគតគេគង់តែទម្លាក់ពួកគេដដែល។ យុវជនខ្លះសុខចិត្តធ្វើចំណាកស្រុកចេញទៅធ្វើការនៅបរទេស ដែលធ្វើឱ្យប្រទេសយើងខ្វះធនធានមនុស្សសម្រាប់បំពេញទីផ្សារពលកម្ម ក៏ដូចជាធនធានបញ្ញវន្ដដើម្បីបន្តការសិក្សាទៅមុខទៀត។ ដូច្នេះ យើងនឹងបន្តខ្វះបញ្ញវន្ដ ហើយតើបាននរណានឹងបន្តកសាងជាតិ បើប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែបែរជាខ្វះបញ្ញវន្ដធ្វើការ? ការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសយើងផុយស្រួយ។

អ្នកឧកញ៉ា បានអំពាវនាវឱ្យចូលរួមសហការ និងស្វែងរកដំណោះស្រាយសម្រាប់ប្រព័ន្ធអប់រំរបស់យើង ដើម្បីជួយអប់រំកុមារ និងយុវជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងជួយផលិតធនធានបញ្ញវន្ដរបស់យើង ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងស្ថិរភាព សន្តិភាពនៃប្រទេសជាតិយើង ដែលដឹកនាំដោយបិតាស្ថាបនិកសន្តិភាពរបស់យើង៕