សម្តេចតេជោក្រើនរំលឹកសមាជិកបក្សប្រជាជនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

7

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ការក្រើនរំលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះ ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ ក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន ៣,៤៥៧នាក់ នៃខេត្តកណ្ដាល នៅវិមាន៧មករា។

សម្តេចតេជោបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា
និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក។

ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានអោយដឹងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្ដាលទាំងមូល។

ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ ខេត្តកណ្ដាល រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅខេត្តកណ្ដាល។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ម៉ៅ ភិរុណ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ៕