រដ្ឋបាលខេត្តបន្ទាយមានជ័យបំភ្លឺរឿងវិវាទដីធ្លីរបស់ស្ត្រីមា្នក់ដែលផ្កាយពីរ និងអភិបាលខេត្តបំពានយក

86

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ពាក់ព័ន្ធ នារីម្នាក់ដឹកដៃម្ដាយអាយុ១១០ឆ្នាំ ស្វែងរក យុត្តិធម៌ និងមានបំណងសុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី រាយការណ៍រឿងវិវាទដីធ្លីដែលផ្កាយពីរ និងអភិបាលខេត្តបន្ទាយមានជ័យបំពានយក ។

ការចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះផ្សាយ មានខ្លឹមសារជាវីដអូរខ្លីបមានរ យៈពេល ៩.៣៦នាទី ចោទប្រកាន់មកលើមន្ត្រីរាជការ និងថ្នាក់ដឹកនាំរបស់ខេត្តបន្ទាយមានជ័យ ជា ព័ត៌មានមិនមានការពិត ខ្វះការស្វែងយល់ឲ្យបានច្បាស់លាស់ពីនីតិវិធីដោះស្រាយទំនាស់របស់គណៈកម្មការ សុរិយោដីខេត្ត។

រដ្ឋបាលខេត្តបន្ទាយមានជ័យបំភ្លឺថា ករណីវិវាទដីធ្លីនេះមានទីតាំងស្ថិតនៅភូមិខ្លាកូន ចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះ យោងតាមការពិនិត្យ ស្រាវជ្រាវ កន្លង មកឃើញថា ឈ្មោះ រិទ្ធ សុគន្ធា មិនមានដីនៅទីនោះទេ ដីដែលគាត់ប្តឹងទាមទារនេះ គឺជាចំណែកដីរបស់ លោកយាយឈ្មោះ ប៊ុន ស៊ាម (ម្ដាយ) និងឈ្មោះ ប៊ុន លី (កូន) បំរើការងារជាកងរាជអាវុធហត្ថនៅស្រុក មង្គលបូរី ហើយគាត់មានប្រពន្ធដើមរស់នៅដីឡូត៍ ស្ថិតនៅភូមិទួលពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ តែបានលែងលះគ្នាជាប្ដីប្រពន្ធ។ ក្រោយពីបានលែងលះប្រពន្ធដើមឈ្មោះ ប៊ុន លី បានមកយកឈ្មោះ រិទ្ធ សុគន្ធា ជាប្រពន្ធ ។

រដ្ឋខេត្តបន្តថា បន្ទាប់ពីឈ្មោះ ប៊ុន លី បានទទួលមរណៈភាព ទីតាំងដី និងខ្ទម របស់គាត់ដែលធ្លាប់ រស់នៅជាមួយម្តាយឈ្មោះ ប៊ុន ស៊ាម ពុំមានអ្នករស់នៅទេ ពីព្រោះដីនោះត្រូវបានលោកយាយ ប៊ុន ស៊ាម ជា ម្ដាយបានលក់ទៅឲ្យឈ្មោះ ឡាយ ស្រីយ៉ុត ក្នុងឆ្នាំ២០០៨ ហើយឈ្មោះ ឡាយ ស្រីយ៉ុត បានលក់បន្តទៅ ឲ្យឈ្មោះ អេង សំអឿន និងប្រពន្ធឈ្មោះ មឿង លេខា ក្នុងឆ្នាំ២០១៣។ លុះក្រោយមក ឈ្មោះ រិទ្ធ សុគន្ធ បានមកប្ដឹងឈ្មោះ អេង សំអឿន និងឈ្មោះ រ៉េន វើក ចោទពីបទបានយកដីរបស់ខ្លួនទៅលក់ តែតាមការពិត ដីនោះជាដីរបស់លោកយាយឈ្មោះ ប៊ុន ស៊ាម និងឈ្មោះ ប៊ុន លី ដែលជាដីរបស់គាត់មាន មុនពេល ឈ្មោះ រិទ្ធ សុគន្ធា បានគ្នាជាប្តីប្រពន្ធជាមួយឈ្មោះ ប៊ុន លី។

ពាក់ព័ន្ធរាល់បណ្តឹងរបស់ឈ្មោះ រិទ្ធ សុគន្ធា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រជុំសម្របសម្រួល និងដោះស្រាយជាច្រើនលើក តាមរយៈយន្តការគណៈកម្មការសុរិយោដី ប៉ុន្តែមិនទទួលបានលទ្ធផលនោះទ ដោយសារឈ្មោះ រិទ្ធ សុគន្ធា ពុំមានឆន្ទៈក្នុងការដោះស្រាយ ក្នុងនោះរដ្ឋបាលខេត្តក៏ធ្លាប់បានធានាដោះស្រាយ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយក្រសួងក៏បានចុះមកអង្កេតស្រាវជ្ជា និង ទីតាំងដីផ្សេងជូនគាត់ ប៉ុន្តែគាត់មិនព្រមទទួលយកការដោះស្រាយទាំងអស់។ បន្ថែមពីនេះ ឈ្មោះ រិទ្ធ សុគន្ធ បានបន្តដាក់ពាក្យប្ដឹងទៅក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ។ ជាក់ស្តែង គាត់បានប្តឹងទៅក្រសួង សម្របសម្រួលជាច្រើនលើក ប៉ុន្តែគាត់នៅតែមិនព្រមទទួលយកការដោះស្រាយដដែល ។ ជាចុងក្រោយ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតម្កល់សំណុំរឿងនេះទុកមិនចាត់ការ ។

សរុបមក រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅតែមានជំហររកទីតាំងដីថ្មីជូនឈ្មោះ រិទ្ធ សុគន្ធា ដើម្បីឲ្យ គាត់បានរស់នៅកាន់កាប់ស្របច្បាប់ និងស្នើលោកស្រី រិទ្ធ សុគន្ធា អញ្ជើញមកចូលរួមដោះស្រាយដោយផ្ទាល់ ឲ្យបានឆាប់ក្នុងរយៈពេល ២សប្តាហ៍ ក្នុងករណីលោកស្រីមិនព្រមចូលរួមតាមការជូនដំណឹងជាសាធារណនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ ហើយបើលោកស្រីនៅតែបង្កបញ្ហាតទៅទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងចាត់ការទៅតាមនីតិវីធីច្បាប់។

តាមរយៈសារព័ត៌មានខ្មែរជាយដែន អ្នកស្រីរិទ្ធ សុគន្ធាចាត់ទុកលិខិត រដ្ឋបាលខេត្តបន្ទាយមានជ័យនេះធ្វើឡើងដើម្បីបន្តកុហកសារធារណៈជន និងបន្តផ្តល់ព័ត៍មានមិនពិតដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

បើតាមអ្នកស្រី ដីនេះ អ្នកស្រីបានទិញតាំងពីមិនទាន់មានគ្រួសារ ដោយមានលិខិតបញ្ជាក់ មានការធានាអះអាងពីមេភូមិ មានបង្កាន់ដៃកាន់កាប់គ្រប់គ្រាន់ និងមានសាក្សីជាប់ព្រុំដីជាក់លាក់។ អ្នកស្រីបន្ថែមថា រឿងកើតឡេីងគឺបន្ទាប់ពីប្តីរបស់អ្នកស្រីបានស្លាប់ នៅឆ្នាំ២០០៧ មេឃុំបានធ្វើឯកសារបន្លំ លក់ដីអោយទៅផ្កាយពីរ ដោយមានលិខិតបញ្ជាក់ថាបានទិញដីពីម្តាយក្មេកគាត់ទៅវិញ។

ផ្តើមចេញពីចំណុចនេះហើយ ដែលមន្ត្រីពាក់ព័ន្ធបន្តរៀបចំឯកសារដោយបំពានសិទ្ធិស្របច្បាប់របស់អ្នកស្រី។ តាមអ្នកស្រីផ្តើមចេញពីចំណុចនេះហើយដែលអ្នកស្រី ត្រូវតស៊ូក្រាញននៀលស្វែងរកការពិតហានលះបង់អាយុជីវិត ដោយមិនគិតការនឿយហត់អស់រយ:ពេល១៥ឆ្នាំមកហើយ៕