ឈើឡាំងរួចចំនួន៩ដុំត្រូវសមត្ថកិច្ចស្រុកបសេដ្ឋរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ

7

ខេត្តកំពង់ស្ពឺ៖ ឈើឡាំងរួចចំនួន៩ដុំ មុខកាត់ធំៗដឹកលើរថយន្ត បន្លំដាក់បាវអាចម៍មាន់ ពីលើ ត្រូវបាននគរបាលស្រុកបសេដ្ឋរឹបអូស និង យកទៅប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២នេះ ក្រោយពីម្ចាស់ឈើជួបសមត្ថកិច្ចមានអារម្មណភ័យក៏យករថយន្តទៅលាក់ទុកនៅទីតាំដីមួយកន្លែងស្ថិតនៅក្នុងភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចឱ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកបសេដ្ឋបានធ្វើការ ចេញល្បាតលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោល គីឡូម៉ែត្រ៤១ ទៅលេខ៤២បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកKeaពណ៌ស លាយលឿង ចំណុះ១តោនកន្លះ ពាក់ផ្លាកលេខភ្នំពេញ2Z.4296 ម្ចាស់មិនស្គាល់ឈ្មោះនោះទេ បានដឹកឈើកំណាត់ចំនួន៩ដុំមានគ្របអាចម៍មាន់ពីលើឈើពេលឃើញសមត្ថកិច្ចយើងឃាត់សួរនាំ ស្រាប់តែម្ចាស់រថយន្តខាងលើភ័យពេក បានបើករត់គេចចូលទៅភូមិតាដែងចាស់ ឃុំពោធិម្រាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺទុកចោលក្នុងដីលំនៅឋាន របស់ប្រជាពលរដ្ឋឈ្មោះសុខ វិចិត្រភេទប្រុសអាយុ៣០ឆ្នាំ ហើយម្ចាស់រថយន្តរត់គេចខ្លួនបាត់ទៅ។

នគរបាលបានបញ្ជាក់បន្ថែមទៀតថា ក្រោយមក ត្រូវបានប្រជាពលរដ្ឋម្ចាស់ដីឈ្មោះសុខ វិចិត្រ ប្តឹងរាយការណ៍មកសមត្ថកិច្ចនិង ប្រគល់ជូនសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលបសេដ្ឋ រួចប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា រថយន្តដឹកឈើបង្កប់នេះជារបស់មេឈ្មួញម្នាក់ប្តីឈ្មោះ ចុន ប្រពន្ធឈ្មោះ យាយ វិត អាយុជាង៦០ឆ្នាំ ដឹកចេញពីតំបន់ជាំ និងតំបន់ក្រាំងដីវ៉ាយ ឆ្លងកាត់ជំនាញខេត្តជាច្រើនទើប ជាប់អន្ទាក់សមត្ថកិច្ចស្រុកបសេដ្ឋតែម្តង៕