សមត្ថកិច្ចដុតកម្ទេចសាច់សត្វគ្រួចបង្កក ខូចគុណភាពចំនួន៤តោន និងសត្វជ្រូក ៨៦ក្បាល

40

ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និង ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានធ្វើការដុតកម្ទេចចោលនូវ សាច់សត្វគ្រួចបង្កក ដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាល ។

ករណីដុចកម្ទេចចោលនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។


លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និង សុខភាពសាធារណ: បសុព្យាបាលថ្លែងថា ករណីដុតកម្ទេចចោលនូវ សាច់សត្វគ្រួចបង្កក ដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាលនេះ ធ្វើឡើងនៅភូមិដំណាក់អំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកបន្តថា សាច់សត្វនិងជ្រូកទាំងនេះ ត្រូវបាន ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើត ពី សត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មសហការជាមួយនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ឃាត់ចាប់កាលពីថ្ងៃទី២២ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ៕