ក្មេងប្រុសស្រីចំនួន៤នាក់ នាំគ្នាចុះរាវលៀសលង់ទឹកស្លាប់នៅស្រុកអង្គស្នួល

56

ខេត្តកណ្ដាល ៖ក្មេងប្រុសស្រីចំនួន ៤ នាក់ បាននាំគ្នាចុះរាវលៀសយកទៅធ្វើម្ហូប និងងូតទឹកលេងនៅក្នុងទឹករណ្ដៅដីមួយកន្លែងជម្រៅប្រមាណ៥ទៅ៦ម៉ែត្រស្ថិតនៅវាលស្រែភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្តាលឱ្យលង់ទឹកស្លាប់ទាំងអស់។
ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្មេងៗជួបគ្រោះអកុសលដល់ស្លាប់នេះមានឈ្មោះរួមមាន ១-ឈ្មោះ នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ២-ឈ្មោះ នី ស្រី ណា អាយុ១៣ឆ្នាំ គឺជាបងប្អូនភ្លោះនឹងគ្នា ៣-ឈ្មោះថាន គីមយ៉ាង ភេទប្រុស អាយុ១១ឆ្នាំនិង ៤-ឈ្មោះថាន ថានុក ភេទប្រុស អាយុ៩ឆ្នាំ គឺជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្រោយមានហេតុការណ៍នេះកើតឡើង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រុមគ្រួសារ និងអ្នកភូមិ ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល រួមមានគឺនគរបាលកងរាជអាវុធហត្ថ យោធាសឹកស្រុកអង្គស្នួល និងកម្លាំងទ័ពពិសេសឆត្រយោង៩១១ ប្រើប្រាស់ ឧបករណ៍មុជទឹកបានចុះទៅអន្តរាគមន៍រាវរកភ្លាមៗ ។

នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃដដែលបានរកឃើញសាកសពក្មេងស្រី២នាក់ជាបងប្អូនភ្លោះ ចំណែកក្មេងប្រុស២នាក់ទៀតនៅបាត់ខ្លួន ។ កម្លាំងសមត្ថកិច្ច បានបន្តរាវរករហូតដល់វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃដដែល ទើបរកឃើញសពក្មេងប្រុសម្នាក់ថែមទៀត ចំណែកម្នាក់ទៀតនៅបន្តបាត់ខ្លួន ។ រហូតដល់វេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី៣០ វិច្ឆិកា ទើបរកឃើញម្នាក់ទៀតសរុប៤នាក់ ប្រតិបត្តិការរាវរកត្រូវបានបិទបញ្ចប់ និងបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕