យូណេស្កូសម្រេចដាក់បញ្ចូល «គុនល្បុក្កតោ»កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិ

66

្នំពេញ៖ ក្នុងកិច្ចប្រជុំលើទី ១៧ របស់ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ «គុនល្បុក្កតោ» របស់កម្ពុជា នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជា។

នេះ បើតាម លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ គោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ លោកជំទាវ ក៏បានជំរាបជូនសម្តេចតេជោថា ឯកសារនានា រួមទាំងវីដេអូផងនោះ លោកជំទាវ បានផ្ញើជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។

បើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនិង លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។

សេក្តីប្រកាសព័ត៌មាននេះបន្តថា ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងវប្បធម៌ក៏បានបញ្ជាក់ទៀតថា បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមត៌កវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យនិងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប! ។

នៅក្នុងឱកាសនោះ លោកស្រី អ៊ូដ្រេ អាស៊ូឡាយ (Audrey Azoulay) អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជាក្នុងការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផងដែរ៕