បុរសជាអ្នកដឹកឥវ៉ាន់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្នុងករណីអគ្គីភ័យឆេះបន្ទប់ជួលនៅសង្កាត់ទឹកថ្លា

17

ភ្នំពេញ៖ បុរសជាអ្នកដឹកអីវ៉ាន់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត ដោយត្រូវអណ្ដាត​ភ្លើងឆេះខ្លោចដូចធ្យូង និងបុរសម្នាក់ទៀតដែលជាបងបង្កើតក៏ត្រូវបានបញ្ជូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបករណីភ្លើងឆេះបន្ទប់ជួល ។ ករណីនេះកើតឡើងនៅព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវលំជាប់ផ្លូវទូរគមនាគមន៍ ខាងក្រោយពេទ្យរ៉ូយ៉ាល់ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែសុខ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីស្រ្តីម្នាក់ឈ្មោះ និន ស្រីម៉ៅ ដែលត្រូវជាបងថ្លៃជនរងគ្រោះបានឱ្យដឹង ហើយជនរងគ្រោះ​​ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ព្រឹម ខា អាយុ២១ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតដែលត្រូវជា​បងមានឈ្មោះ ព្រឹម ឃីង អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាងយ៉ាង ឃុំប្រាងយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្នុងនោះដែរប្រភពបានបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំងពីរនាក់ខាងលើគឺជាបងប្អូនភ្លោះ ហើយជនរងគ្រោះដែលជាបងបានរងរបួសជើងផ្នែកខាងស្ដាំធ្ងន់ធ្ងរ និងកំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

លោក សុខ សុផល មេប៉ុស្ដិ៍នរដ្ឋបានទឹកថ្លា បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ពាក់ព័ន្ធនឹងករណីនេះនៅមិនអាចសន្និដ្ឋានបានថាករណីអ្វីឱ្យប្រាកដនៅឡើងទេ ខណៈពេលនេះអាជ្ញាធរកំពុងតែស្រាវជ្រាវ និងស៊ើបអង្កេតបន្ត ព្រោះនៅក្នុងបន្ទប់កន្លែងកើតហេតុមានតែកំប៉ុងហ្គាសតូចមួយ និងឆ្នាំងដាំបាយ ដែលធ្វើឱ្យខាងសមត្ថកិច្ចមិនច្បាស់ថាករណីនេះបណ្ដាលមកពីផ្ទុះហ្គាស ឬយ៉ាងណានៅឡើយ ៕