រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យ អភិបាលរាជធានី-ខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ

33

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់ មន្ទីរពេទ្យ)ទៅលំនៅដ្ឋាននៃសព។

ការឱ្យស្នើឱ្យពង្រឹងរបស់ឯកត្តមរដ្ឋមន្ត្រីនេះ គឺយោងតាម លិខិតលេខ ០៦៨ អបស.មព ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល និង លិខិតលេខ ០៦៦ អបស.មព ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល។

យោងតាមលិខិត ឯកឧត្តម ម៉ម ប៊ុនហេង ផ្ញើរទៅកាន់អភិបាលរាជធានីខេត្ត កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានសរសេរ ថា សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។

ឯកឧត្តមបន្តថា កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នាពង្រឹង សេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន ស្នើសុំ ឯកឧត្តម លោកជំទាវ អភិបាលនៃគណ:អភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និង សេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់៕