អតីតគ្រួសារយោធិនពិការមួយគ្រួសារដង្ហោយហៅឲ្យអាជ្ញាធរខេត្តកោះកុង និងសម្តេចតេជោ ជួយរកយុត្តិធម៌ ករណីគេរំលោភយកដី

23

កោះកុង៖ អតីតគ្រួសារយោធិនពិការមួយគ្រួសារដែលរស់នៅក្នុងភូមិថ្មពាង ហៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនាពេលថ្មីៗនេះបានដង្ហោយហៅឲ្យថ្នាក់ដឹកនាំខេត្តគឺលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជួយរកយុត្តិធម៌ជូនដល់គ្រួសាររបស់ពួកគាត់ ដោយសារមានគេរំលោភយកដីទាំងបំពាន។

ការដង្ហោយហៅឱ្យថ្នាក់ដឹកនាំខេត្តកុង និង ប្រមុខរាជរដ្ឋាភិបាលជួយរកយុត្តិធម៌របស់អតីតគ្រួសារយោធិនពិការខាងលើនេះ ព្រោះ អាជ្ញាធរភូមិឃុំ និងស្រុក ពុំព្រមចេញមុខរកដំណោះស្រាយជូនពួកគាត់នោះទេដោយរុញដាក់គ្នាទៅវិញទៅមកធ្វើឲ្យគ្រួសាររបស់ពួកគាត់ជួបនូវការលំបាកយ៉ាងខ្លាំង ។

ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីនេះបើយោងតាមការធ្វើអត្ថាធិប្បាយពីសំណាក់លោក សៃ សៀន អាយុ ៥៤ ឆ្នាំ និងប្រពន្ធឈ្មោះម៊ូ នួយ អាយុ ៥៤ឆ្នាំដូចគ្នានិងមានកូនចំនួន ៨ នាក់នៅក្នុងបន្ទុកបច្ចុប្បន្នរស់នៅ ភូមិ ឃុំ ស្រុក ខាងលើបានរៀបរាប់ឱ្យដឹងថា ដីរបស់លោកមានទំហំជាង ៥ ហាតាគឺលោកបានអាស្រ័យផលចាប់តាំងពីឆ្នាំ ២០០០មកម្ល៉េះ បន្ទាប់មកក្នុងអំឡុងឆ្នាំ ២០០៨ លោកក៏ត្រូវបានទទួលស្គាល់ពីអាជ្ញាធរភូមិថ្មរពាង ឃុំជ្រោយប្រស់ យ៉ាងពេញសិទ្ធិ ហើយក៏បានចេញបង្កាន់ដៃប្រើប្រាស់កម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនពួកគាត់ផងដែរ។

ក្រោយមកទៀតក្រុមគ្រួសាររបស់គាត់ ក៏បានអាស្រ័យផលជារៀងរហូតមក ។ លុះដល់ឆ្នាំក្រោយៗមកលោកក៏បានធ្លាក់ខ្លួនឈឺដោយសារតែអំបែងគ្រាប់នៅក្នុងខ្លួនរបស់លោកធ្វើទុក្ខលោកក៏មិនបានមកអាស្រ័យផលជាច្រើនឆ្នាំរហូតមកទល់នឹងពេលបច្ចុប្បន្ន។បន្ទាប់មកដីចំណុចត្រង់នោះត្រូវបានរាជរដ្ឋាភិបាលកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ រួចមក ហើយថែមទាំងមានផ្លូវខ្វែងខ្វាតទៀតនោះ ហើយលោកក៏បានធូរស្រាលពីជំងឺក្នុងខ្លួន លោកក៏បានបន្តទៅអាស្រ័យផលដូចដើមវិញ តែនៅក្នុងពេលលោកចូលទៅអាស្រ័យផលក៏ដូចជារៀបចំធ្វើរបងព្រំដីនិងធ្វើខ្ទមសម្រាប់រស់នៅនោះ ក៏ស្រាប់តែការឈូសឆាយដើម្បីអាស្រ័យផលក៏មិនបាន ធ្វើរបងព្រំដីក៏មិនបាន ដោយមានគេអះអាងថាដីនោះជាដីរបស់គេទៅវិញ។

លោក សៃ សៀន បានបន្តឲ្យដឹងទៀតថាអ្នកដែលបានទៅអះអាងថាដីរបស់គាត់ជាដីរបស់គេនោះគឺមានឈ្មោះហៅថា តាសម្បត្តិ ដែលជាញាតិមិត្តរាប់អានគ្នាហើយរស់នៅមានព្រំដីជាប់គ្នាទៀតដែលជាអ្នកទៅអះអាងនិងតវ៉ាថាដីទាំងនោះគឺជាដីរបស់គាត់ទៅវិញ ។ ហើយចំពោះការអះអាងពីឈ្មោះ តាសម្បត្តិ នោះ បើយោងតាមការរៀបរាប់ពីលោក សៃ.សៀនបានបញ្ជាក់ប្រាប់ថា គឺគ្មានឯកសារជាក់លាក់ណាមួយយកមកបង្ហាញឲ្យអាជ្ញាធរ ឃុំ ស្រុក ឃើញនោះឡើយ។

ក្រោយពីមានវិវាទដីធ្លីរវាងលោកហើយនិងឈ្មោះសម្បត្តិនោះរួចមក លោកបានទៅដាក់ពាក្យបណ្ដឹងដល់អាជ្ញាធរឃុំ ដើម្បីឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏បញ្ហាទំនាស់ដីធ្លីនេះ នៅតែអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្នដដែលជាដដែល ដោយលោកមិនដឹងថា បុគ្គលដែលបានទៅរំលោភយកដីរបស់គាត់ជាមួយនឹងអាជ្ញាធរ ឃុំ ស្រុកមានអាថ៌កំបាំងអ្វីនោះទេ បានជាអាជ្ញាធរដែនដីធ្វើព្រងើយនិងរុញដាក់គ្នាទៅវិញទៅមកពុំព្រមដោះស្រាយឲ្យចប់សព្វគ្រប់ជូនដល់ភាគីទាំងសងខាងដែលកំពុងតែមានទំនាស់នោះទេ។

លោក សៃ សៀន បានបន្ថែមថា លោកបានដាក់ពាក្យបណ្ដឹងទៅកានៅសាលាឃុំជាញឹកញាប់ផងដែរ តែអាជ្ញាធរឃុំជ្រោយប្រស់នៅតែដោះមិនកើតដោយទុកឲ្យក្រុមគ្រួសាររបស់លោករងគ្រោះដល់សព្វថ្ងៃ។

លោក ភុំ ធឿន មេឃុំជ្រោយប្រស់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាលោកពុំដែលបានទទួលនូវពាក្យបណ្ដឹងរបស់លោក សៃ សៀន ដែលមានបញ្ហារឿងរ៉ាវវិវាទដីធ្លីជាមួយនឹងតាសម្បត្តិ នោះម្ដងណាទេគឺគ្រាន់តែលោកសៃសៀងទៅប្ដឹងផ្ទាល់មាត់តែប៉ុណ្ណោះ។

លោក ជា សាវី អភិបាលនៃគណៈអភិបាលស្រុកកោះកុងបានបង្ហើបឱ្យដឹងថា ចំពោះរឿងរ៉ាវវិវាទដីធ្លីនេះលោកបានដឹងហើយ។ ហើយលោកក៏បានដាក់បទបញ្ជាឲ្យមេឃុំជ្រោយប្រស់ដោះស្រាយជូនពូគាត់ហើយដែរ ហើយបើដោះស្រាយមិនបាន សូមឱ្យភាគីដើមចោទទៅដាក់ពាក្យបណ្ដឹងជាមួយនឹងអាជ្ញាធម៌ឃុំម្ដងទៀត ហើយបើអាជ្ញាធរឃុំនៅតែពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលាស្រុកកោះកុង លោកនឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

គួរបញ្ជាក់ផងដែរថារឿងវិវាទដីធ្លីរនេះ គឺបានអូសបន្លាយមកជាយូរខែឆ្នាំកន្លងមកហើយតែនៅតែស្រាយបញ្ហាមិនបាន៕