ឈ្មួញវៀតណាមសម្រុកមកទិញស្រូវនៅចំណតទូកព្រៃវល្ល៍ស្រុកកំពង់រោទិ៍៖…

26

ស្វាយរៀង៖ទូកកាណូតឈ្មួញវៀតណាមរាប់សិបគ្រឿងសម្រុកចូលមកទិញស្រូវពីពលរដ្ឋខ្មែរតាមផ្លូវទឹកនៅចំណុចប្រឡាយទាហ៊ាន ស្លាបប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ក៏ប៉ុន្តែកសិករអ្នកផលិតនិយាយត្អូញត្អែថា ឈ្មួញអ្នកប្រមូលទិញស្រូវឲ្យតម្លៃទាប។

បើងតាមប្រជាពលរដ្ឋដែលរស់នៅភូមិវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ថា ឈ្មួញវៀតណាម ដែលបាន សម្រុកមកទិញស្រូវនៅចំណតទូកព្រៃវល្ល៍ស្រុកកំពង់រោទ៌បានឱ្យតម្លៃ ស្រូវចម្រុះ ក្នុង១គីឡូក្រាមត្រឹមតែ ៨០០រៀលទៅ៩៥០រៀលប៉ុណ្ណោះ។

សមត្ថកិច្ចនៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ថ្លែងថា គិតចាប់ពីពាក់កណ្តាលខែវិច្ឆិកា២០២២នេះគេឃើញឈ្មួញបាននាំស្រូវចេញទៅប្រទេសវៀតណាម គិតជាមធ្យមជាង៣០០តោន ទៅ៥០០តោនក្នុង១ថ្ងៃ ។ ឈ្មួញវៀតណាមបានចូលទូក កាណូតប៉ុកចៃ មកទិញស្រូវខ្មែរ នៅចំណតទូក ប្រឡាយទាហ៊ាន ស្លាបច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌។

ទាក់ទិនករណីវៀតណាមសម្រុកចូលមកទិញស្រូវនេះដែរ មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើប ឲ្យដឹងដែរថា ឈ្មួញអ្នកប្រមូលទិញស្រូវពីប្រជាកសិករផ្ទាល់ ស្រូវចម្រុះ «ស្រូវ ខា ៥៤ ឬស្រូវស្រាលបាយរឹង»ស្រូវសើម ក្នុង១គីឡូ ក្រាម៨០០រៀល ទៅ៩៥០រៀល។ បើដឹកមកដល់ចំណតទូក វៀតណាមទិញក្នុង១គីឡូក្រាម១,១០០រៀល ចំពោះស្រូវក្រអូប ទិញពីកសិករផ្ទាល់១គីឡូក្រាម១,០៥០ ទៅ១,១០០រៀល លក់ឲ្យឈ្មួញវៀតណាមតម្លៃ ១គីឡូក្រាមតម្លៃ១,២០០ទៅ១,៣០០រៀល។

បើតាមអាជីវករអ្នកប្រមូលទិញស្រូវពីកសិករផ្ទាល់បានលើឡើងថា បញ្ហាពួកគេប្រមូលទិញស្រូវពីកសិករផ្ទាល់ឲ្យតម្លៃទាប ដោយចំណាយតាមផ្លូវច្រើន គិតថ្លៃឈ្នួលរថយន្តដឹក ថ្លៃកម្មករលើកដាក់រថយន្ត លើកចុះទូក និងបង់សេវាសមត្ថកិច្ចតាមផ្លូវនិងចំណតទូក ដូច្នេះត្រូវចំណាយច្រើន បើកសិករគាត់យកមកលក់ផ្ទាល់ដល់ចំណតទូកវៀតណាមទិញ ស្រូវចម្រុះ១គីឡូក្រាមតម្លៃ១,១០០រៀល ស្រូវក្រអូបស្ងួត១គីឡូតម្លៃ១,៣០០រៀល។

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានថ្លែថា ឈ្មួញនាំស្រូវចេញទៅប្រទេសវៀតណាមក្នុង១ថ្ងៃ ៣,៥០០គីឡូក្រាម ឬស្មើនឹងជាង៣តោនប៉ុណ្ណោះ បើតាមរបាយការណ៍មន្ត្រី ការិយាល័យកសិកម្មនៃរដ្ឋបាលស្រុកកំពង់រោទ៍ដោយមានការរាយការណ៍រួមគ្នា ពីមន្ត្រីគយនិងមន្ត្រីច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ គឺរបាយការណ៍ក្នុងសប្តាហ៌មុនហើយនៅសប្តាហ៌នេះមិនទាន់ទទួលរបាយការណ៍ទេ។

ចំណែកមន្ត្រីសមត្ថកិច្ចឈរជើងនៅច្រកទ្វាព្រំដែនទឹកព្រៃវល្ល័ប្រាប់ថា ចាប់ពីពាក់កណ្តាលខែវិច្ឆកា២០២២នេះក្នុង១ថ្ងៃឈ្មួញនាំស្រូវទៅប្រទេសវៀតក្នុង១ថ្ងៃ៣០០តោនទៅ៥០០តោន មិនមែនជាង៣តោនទេ ។ មហាជនបានលើកឡើងថា មន្ត្រីនៃមន្ទីរកសិកម្មគួរយកចិត្តទុកដាក់លើទីផ្សារ ស្រូវជូនប្រជាកសិករអ្នកផលិត ជៀសវាងតម្លៃស្រូវតាមមាត់ឈ្មួញ៕