ក្រុមជនសង្ស័យវាយប្លន់យកម៉ូតូ NEX នៅជិតរង្វង់មូលផ្សារដើមថ្កូវ ចំនួន ៥ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួន
ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ បានជាបន្តបន្ទាប់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស(វាយប្លន់យកម៉ូតូ) កាលពីវេលាម៉ោង០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវ៤៣០ (ជិតរង្វង់មូលផ្សារដើមថ្កូវ) ក្រុម១៥ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមនថ្លែងថា ជនសង្ស័យបង្រាបនិងឃាត់ខ្លួនបានរួមមាន ៖ ១.ឈ្មោះ សួស ពិសី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅ ។ ២.ឈ្មោះ ម៉ៅ រិទ្ធី ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ណេត ។ ៣.ឈ្មោះ ឯម សាន ហៅ យីវ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ មុខរបរ រើសអេតចាយ។ ៤. ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ៥.ឈ្មោះ ផន ចន្ទ្រា ហៅ បូស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។
លោកបន្តថា ចំណែកឯ ជនរងគ្រោះឈ្មោះ ម៉េង សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ដោយត្រូវជនសង្ស័យខាងលើវាយប្លន់ ម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ទឹកមាស ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HE2539 ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕