ប្រធានគណកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិកកោតសសើរកម្ពុជាដែលដឹកនាំកិច្ចប្រជុំកំពូលនានាទទួលបានជោគជ័យ

9

ភ្នំពេញ៖ លោក ហ្គ្រិកហ្គឺរី ដាប់បល់យូ មិក (Gregory W. Meeks) ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិកបានកោតសសើរសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។

ការកោតសសើររបស់លោក ហ្គ្រិកហ្គឺរី ដាប់បល់យូ មិក (Gregory W. Meeks) ធ្វើនៅឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

លោកបន្ត ថា ទោះជាយ៉ាងណាក៏ដោយ លោក បានសង្កេតឃើញ កម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា ក្នុងគោលបំណងដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត

តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ របស់លោកប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់លោក រដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមកិច្ចប្រជុំអាយប៉ា លោកស្រីអនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបលោក បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕