ស្ត្រីអ្នកជំនួញហាយសូ ពេជ្រ ស្រីមុំ ត្រូវបានបញ្ជូនទៅដាក់គុក នៅក្នុងពន្ធនាគារធានីភ្នំពេញ (PJ)៖…

143

ភ្នំពេញ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានសម្រេច បញ្ជូនខ្លួន ស្ត្រីអ្នកជំនួញហាយសូម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ទៅដាក់គុក ជាបណ្តោះអាសន្ន នៅពន្ធនាគារធានីភ្នំពេញ (PJ) ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ជាងច្រើនលានដុល្លារអាមេរិក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រស៊ើបសួរខាងលើ បញ្ជាក់ថា ជនត្រូវចោទឈ្មោះ ពេជ្រ ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ឬចេញសែកស្អុយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

បើបញ្ញត្តិ មាត្រា ២៣១ នៃច្បាប់ខាងលើនេះ ពេជ្យ ស្រីមុំ អាចប្រឈមនឹងជាប់ ពន្ធនាគារ ចន្លោះពី ១ ទៅ ៣ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពិរុទ្ធភាពដូចបទចោទប្រកាន់។

មាត្រា ២៣១ នៃច្បាប់ខាងលើ ត្រង់កថាខណ្ឌទី៣ ចំនុចទី៣ ចែងថា៖ «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី ២លាន ដល់ប្រាំមួយលានរៀល និងត្រូវផ្តនា្ទទោសជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។

បើតាមដីការខាងលើ ជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះ ជនជាប់ចោទរូបនេះកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ក៏ធ្លាប់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនផងដែរ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ

ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាននូវទឹកប្រាក់ ប្រមាណ ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។ ក៏ប៉ុន្តែក្រោយមក ឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នាពេលនោះ ៕