នាយករដ្ឋបាលស្រុកសង្កែដាក់ពាក្យស្នើសុំទៅសម្តេច ស ខេង ឈប់ពីតួនាទី ព្រោះមើលឃើញភាពមិនប្រក្រតីករណីតែងតាំងអភិបាលរង៖…

146

បាត់ដំបង៖ លោក គង់ សុគុណ្ណា ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខណ្ឌក្រមការដើមខ្សែ ក្រសួងមហាផ្ទៃ ដែលតួនាទីបច្ចុប្បន្នមានមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈប់ពីតួនាទីរបស់ខ្លួន ព្រោះពាក់ព័ន្ធនឹងករណីតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិន ប្រក្រតី។

យោងតាមលិខិតចុះហត្ថលេខារបស់បុគ្គលលើនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមរយៈ លោក សុខលូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសរសេរថា «ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា៖ ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ន ខេត្តបាត់ដំបង។

ក្នុងលិខិតដដែលនេះ លោកសរសេរបន្តថា « មូលហេតុរូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត ( ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិន ប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ។

ទោះជាយ៉ាងណា នៅក្នុងលិខិតរបស់ លោក គង់ សុគុណ្ណានេះ មិនបានបញ្ជាក់ឈ្មោះរបស់ អភិបាលរងស្រុកសង្កែណាមួយឡើយ ។ យ៉ាងណា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រកាសចូលកាន់មុខតំណែង និងផ្ទេរតួនាទីភារកិច្ចអភិ បាលរងក្រុងស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង រួមមាន ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត។

យោងតាមអនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្ដីរាជការ របស់រាជរដ្ឋាភិបាលបានសម្រេចរួមមាន៖ ផ្ទេរភារកិច្ចលោក សុខ ហឿន ពីអភិបាផលលស្រុកសង្កែ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង តែងតាំងលោក នាង ច័ន្ទថារ៉ា ឱ្យកាន់មុខតំណែងជាអភិបាលស្រុកសង្កែ តែងតាំងលោក សេក ចន្ត្រា ជាអភិបាលរងក្រុងបាត់ដំបង តែងតាំងលោក យ៉ម យ៉ា ជាអភិបាលរងស្រុកសង្កែ ផ្ទេរភារកិច្ចលោក ប៉ោក រ៉ា ពីអភិបាលរងស្រុកគាស់ក្រឡ ទៅជាអភិបាលរងស្រុកសង្កែ ផ្ទេរលោក គ្រឿម រដ្ឋា ពីអភិបាលរងស្រុករុក្ខគិរី ទៅជាអភិបាលរងស្រុកសង្កែ ផ្ទេរលោក ហែម សុភ័ក្ដ្រ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុករុក្ខគិរី ផ្ទេរលោក ឌី ពៅ ពីអភិបាលរងស្រុកស្រុកសង្កែ ទៅជាអភិបាលរងស្រុកគាស់ក្រឡ
និងផ្ទេរលោកស្រី ឌី សាម៉េត ពីអភិបាលរងស្រុករតនមណ្ឌល ទៅជាអភិបាលរងស្រុកសំឡូត។

ដូចគ្នានេះដែរ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីជា មន្ត្រីសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក៏បានដាក់ពាក្យស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លាឈប់ពីការងារ ដោយសារតែលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង ។ តែករណីនេះ ត្រូវបារដ្ឋបាលខេត្តថា លោក លី ឌីនូរី ពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់នោះទេ គឺសាមីខ្លួនមកបម្រើការងារមួយព្រឹក ហើយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ៕