រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឲ្យវិស័យឯកជន ពង្រឹងការគាំទ្រជួយដល់សហគមន៍៖…

52

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឲ្យវិស័យឯកជន ពង្រឹងការគាំទ្រជួយដល់សហគមន៍ ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបន្តលើកកម្ពស់គុណភាព និងជៀសវាងស្ថានភាព «ពងមាន់ មេមាន់»។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២នេះ ទី២១ ខែវិច្ឆិកា ឱ្យដឹងថា ទន្ទឹមនឹងនេះគួរជំរុញឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជាពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស។

លោកថ្លែងថា៖ «សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ដែលមានវត្តមានក្នុងវេទិកានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា ដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍»។

បើតាម លោក រដ្ឋមន្ត្រីរូបនេះ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន លោកស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្ហាញជូនអង្គវេទិកាឲ្យបានគ្រប់ជ្រុងជ្រាយនូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

នៅក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី៣នេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីការនាំចេញនៅនឹងកន្លែង ដែលជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សំដៅដល់ការផលិតដើម្បីផ្គត់ផ្គង់សម្រាប់ភ្ញៀវទេសចរ និងជាឱកាសលក់ផលិតផលបានយ៉ាងងាយស្រួល និងឆាប់រហ័សសម្រាប់បងប្អូនអ្នកផលិតនៅតាមសហគមន៍ទេសចរណ៍ផ្ទាល់តែម្តង។

លោករដ្ឋមន្ត្រីបានអបអរសាទរ និងកោតសរសើរការដឹកនាំរបស់ក្រសួងទេសចរណ៍ និងការចូលរួមរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធ ដែលបានខិតខំជំរុញអេកូទេសចរណ៍កម្ពុជា ជាពិសេសនៅក្នុងបរិបទនៃវិបត្តិសាកលជំងឺកូវីដ-១៩ និងដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍។

លោក បានសង្កត់ធ្ងន់លើភាពទាក់ទាញនៃសម្រស់ធម្មជាតិ ភាពប៉ិននប្រសព្វនៃមគ្គុទេសទេសចរណ៍ ការផ្គត់ផ្គង់ចំណីអាហារឈ្ងុយឆ្ងាញ់ និងមានសុវត្ថិភាព ព្រមទាំងសេវារួសរាយរាក់ទាក់ល្អ ថាជាកត្តាគន្លឹះនៃភាពជោគជ័យនៃអេកូទេសចរណ៍។

បើតាម លោក ឌិត ទីណា កញ្ចប់សេវាទេសចរណ៍ដែលល្អ តម្រូវឱ្យមានការគិតគូររៀបចំ តាំងពីការធ្វើយ៉ាងណាបង្កើតភាពទាក់ទាញឱ្យភ្ញៀវទេសចរមកកម្សាន្ត រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ ជាមួយនឹងស្នាមញញឹមនិងអនុស្សាវរីយ៍ល្អៗ និងនឹកចង់ត្រឡប់មកកម្សាន្តម្តងទៀត។ កិច្ចការនេះ ទាមទារឱ្យមានកិច្ចសហការល្អពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធ ហើយការចូលរួមថែរក្សាការពារបរិស្ថាន និងធម្មជាតិ គឺជាកិច្ចការសំខាន់ដេីម្បីធានានិរន្តរភាពនៃអេកូទេសចរណ៍។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថ្លែងថា កន្លងមកនេះវិស័យឯកជនបានរួមចំណែកច្រើនក្នុងវិស័យទេសចរណ៍នេះ ប៉ុន្តែ ដើម្បីឱ្យភ្ញៀវទេសចរ ទៅសហគមន៍ទេសចរណ៍ ច្រើន ប្រតិបត្តិករទេសចរ និងភាគីពាក់ព័ន្ធ គួររៀបចំតម្លៃ និងសេវាកម្ម ឱ្យមានលក្ខណៈស្ដង់ដាររួមមួយ ដើម្បីសម្រួលដល់ការចាយវាយ និងស្នាក់នៅរបស់ភ្ញៀវទេសចរ។

លោកស្រីបន្ថែមថា ក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរឱ្យបានច្រើន ដើម្បីបន្តចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ជាលក្ខណៈកញ្ចប់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ ខណៈដែលកម្ពុជា កំពុងផ្តោតសំខាន់ទៅលើទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ សហគមន៍ទេសចរណ៍ សមុទ្រ ព្រោះកម្ពុជា សម្បូរធនធានទេសចរណ៍បែប វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ជាពិសេសភាពជាខ្មែរ និងសហគមន៍ជនជាតិភាគតិច៕