អភិបាលស្រុករមាសហែកណែនាំឱ្យពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ ក្រោយស្ថាបនារួច៖….

43

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋថា ពេលបានផ្លូវបេតុង៦២២ម៉ែត្រនិងផ្លូវក្រាលគ្រួសក្រហមប្រវែង៣.៧៩៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើង មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។

ការណែនាំរបស់ លោកស៊ូ ម៉ុល ធ្វើឡើងនៅពេលលោកចូលរួមបើកកាដ្ឋានផ្លូវចាក់បេតុង៦២២ម៉ែត្រនិងផ្លូវក្រាលគ្រួសក្រហមប្រវែង៣.៧៩៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរនិងបើកវេទិការសាធារណៈនៅឃុំជ្រៃធំ ស្រុករមាសហែក នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោកស៊ូ ម៉ុល បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសនោះសូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានថ្ងៃនេះដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបន្តថា ពិសេសមាន លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវ ទឹក ភ្លើង ដល់ទីនោះ។
លោកថ្លែងថា៖ «មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសរសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន»។

លោកអភិបាលស្រុករមាសហែករូបនេះ ក៏បានលើកឡើងពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញពិនិត្យមើលបញ្ជីចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិង ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួសសុពលភាពសូមអញ្ជើញមកធ្វើថ្មីទាំងអស់គ្នានិងសូមចូលរួមចាក់វាក់សាំងដូសជំរុញផងដែរ។

សូមបញ្ជាក់ថារដ្ឋបាលស្រុករមាសហែកក៏បានទទួលយកសំណូមពរមួយចំនួនពីប្រជាពលរដ្ឋដូចជា បញ្ហាលូរំដោះទឹកជំនន់ទឹកភ្លៀងភូមិត្រពាំងស្មាច់ និងដក់ពរ ចំនួន២កន្លែង ផ្លូវ ភ្លើង ផងដែរ ៕