គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច បាន១១,៧៦%ហើយ

27

កោះកុង៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦%  ខណៈមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ចុះត្រួតពិនិត្យ ដើម្បីជំរុញការងារសាងសង់ឱ្យចប់តាមផែនការ។

លោក ហេង រត្នពិសិដ្ឋ  អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធចុះពិនិត្យគម្រោងខាងលើកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

គម្រោងផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍនជាក់ស្ដែងក្នុងការដ្ឋាន សង់សង់ផ្លូវជាតិលេខ៤៨ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ដើម្បីអាចឱ្យក្រុមការងារអនុវត្តគម្រោងរៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿនការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការកំណត់។

លោក ហេង រត្នពិសិដ្ឋ   បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។


គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤  ចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក  ផ្លូវបែងចែកជា២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង។ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦%ហើយ៕