រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ

44

កណ្តាល៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ណែនាំដល់មជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយបន្លែសុវត្ថិភាព នៅខែត្តកណ្តាល ឱ្យការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត។

ការណែនាំនេះ របស់ លោក ឌិត ទីណា ធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគ្រាដែលលោក ចុះពិនិត្យ មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ស្ថិតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

លោកណែនាំបន្តថា ដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀតសូមយកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុនNAV ដែលមានការវេចខ្ចប់បានស្អាតល្អ មានQR កូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដិ៍រួចដើម្បីឲ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណាហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ ។

លោកបន្តថា ក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់គប្បីធ្វើការវិនិយោគជាមួយកសិករដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រប់ តាមបែបទំនើបធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រម ពីភាគីទាំងសងខាង ។

លោកថ្លែងថា៖ «គោលដៅទៅថ្ងៃអនាគត គឺពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាព ដេីម្បីឆ្លេីយតបទៅនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់ ហើយកសិករត្រូវមានផែនការដាំដុះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ផលិតកម្មបន្លែមានសុវត្ថិភាព ត្រូវការផ្ទះសំណាញ់ដែលមានស្តង់ដារបច្ចេកទេស ដូច្នេះដើម្បីជួយឱ្យកសិករអាចផលិតបានតាមតម្រូវការក្រុមហ៊ុនប្រមូលទិញបន្លែគួរជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដោយអនុវត្តកិច្ចសន្យាកសិកម្ម»។

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កណ្ដាល រួមនឹងមន្ត្រីដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ជួយ ដល់កសិកម្ម តាមឃុំគោលដៅ ជាមួយនឹងកម្មវិធីASPIRE កន្លងមក ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តទាំងមូល៕