រាជរដ្ឋាភិបាលសម្រេចផ្តល់ថវិកាបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា៖….

105

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានប្រកាសពីការផ្តល់ថវិកាបន្ថែម ចំនួន១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្តីពី ការផ្តល់ថវិកាបន្ថែមសម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ។

បើតាម សេចក្ដីប្រកាសព័ត៌មាននេះ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្នានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ៕