កម្ពុជា និងកូរ៉េចុះ MOUស្តីពី (ការពង្រឹងសុវត្ថិភាពចរាចរណ៍) និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”

21

ភ្នំពេញ៖ កម្ពុជា-កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា” ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ការចុះហត្ថលេខាលើអនុស្សារណៈខាងលើនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ រវាងលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និង លោក Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ។

លោក Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េថ្លែងថា តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារគឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុត ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកស្រីបន្ថែមថា៖ «ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា»។

បន្ថែមពីលើនេះ លោកស្រីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះហើយ។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧៕