ខេត្តព្រះសីហនុប្រាប់ពលរដ្ឋឱ្យរៀបចំដាក់ទង់ជាតិកម្ពុជា ដើម្បីស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី៩

77

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុង រៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា ឱ្យបានសមរម្យនៅពីខាងមុខទីតាំងរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា ដើម្បីស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២។

រដ្ឋបាលខេត្តក៏បានណែនាំពលរដ្ឋទាំងនោះរៀបចំលំនៅដ្ឋាន-អាជីវកម្មបងប្អូនឱ្យបានស្អាតជាប្រចាំ ដោយតុបតែងលម្អភ្លើងពណ៌ ដាំផ្កា ឬសម្ភារៈផ្សេងៗ ឱ្យបានសមរម្យ ជាពិសេសត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៅក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ នាចុងឆ្នាំនេះ។

រដ្ឋបាលខេត្តសង្ឃឹមជឿជាក់ថា បងប្អូនទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលេីដោយស្មារតីស្រលាញ់ និងទទួលខុសត្រូវខ្ពស់។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃស ន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

បើតាម គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) កម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់និងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរនិងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ ខណៈព្រឹត្តិការណ៍ នេះ បានខកខានក្នុងការរៀបចំដោយផ្ទាល់២លើក កាលពីឆ្នាំ២០២០ នៅអ៉ីស្រាអែល និងនៅអង់ហ្គោឡានៅឆ្នាំ២០២១មក៕