ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ចូលរួមជាអធិតីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះៗ

56

បន្ទាយមានជ័យ៖ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី។

ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចលេខ៥១ លោក យ៉ាង គីមហ៊ុយ អនុប្រធានក្រុមការងារតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព អង្គភាពពាក់ព័ន្ធនានា។

លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរាយការណ៍អំពី នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល៖ទី១.ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ទី២.ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។

ទី៣.បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ទី៤.សម្រេចលើឯកសារវិនិច្ឆ័យរបាយណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់។ និង ទី៥.ចុះបញ្ជីចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី។

ជាមួយគ្នានោះលោក លី សារី តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទផ្សាយឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយពេល១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី១៧ វិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រួមទាំង រាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក។ ដើម្បីមានលទ្ធភាពអោយម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារភូមិបាលស្រុក ក៏ដូចជាមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី និងអង្គភាពពាក់ព័ន្ធដែលបានខិតខំធ្វើឱ្យការចុះបញ្ជីក្បាលដីជូនបងប្អូនប្រជាពលរដ្ឋមានដំណើរការយ៉ាងល្អប្រសើរបែបនេះ។

ឯកឧត្តមបានបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃ០២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕