ពលរដ្ឋបារម្ភខ្លាចបាត់ភ្នំអង្កោល ខណៈរដ្ឋបាលខេត្តកែបកំពុងកាយយកអាចម៍ដី ធ្វើផ្លូវចូលព្រៃព្រែក

113

កែប៖ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់ជុំវិញភ្នំអង្កោល សម្តែងការព្រួយបារម្ភខ្លាចបាត់បង់ភ្នំអង្កោលទាំងមូល ខណៈរដ្ឋបាលខេត្តកែប មានគម្រោងកាយភ្នំនេះយកអាចម៍ដីទៅចាក់ធ្វើផ្លូវចូលព្រៃព្រែក ក្រោមមូលហេតុធ្វើផ្លូវការពារភ្លើងឆេះព្រៃ។

ពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយដឹងថា យើងបារម្ភណាស់ ខ្លាចថ្ងៃក្រោយទៅ លែងមានភ្នំអង្កោលទៀត ដោយសារកាលពីពេលមុនឃើញគេកាយម្តងរួចហើយ ធ្វើអោយភ្នំនៅដំបៅដីរាប់ឆ្នាំ។

ពលរដ្ឋមួយរូបទៀត ក៏បានបង្ហាញការមិនពេញចិត្តចំពោះគម្រោងកាយភ្នំខាងលើនេះផងដែរ តែ លោកថា បើគេកាយដូចគម្រោងក្នុងប៉ាណូមែន ភ្នំអង្កោល ច្បាស់ជារលាយមិនខាន ហើយថ្ងៃក្រោយអាចហ្នឹងទៅជាមានម្ចាស់ឯកជន មកកាន់កាប់ទៀត ព្រោះករណីស្រដៀងនេះមានច្រើនណាស់មកហើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប ថ្លែងថា នេះជាគម្រោងចាស់ទេ ហើយការធ្វើនេះ ដើម្បីការពាររំលោភយកពីសំណាក់អ្នកកាន់កាប់នៅខាងក្រោម ងាយស្រួលអន្តរាគមន៍ នៅពេលមានការករណីភ្លើងឆេះព្រៃ អាចបង្កើតទៅជាកន្លែងអេកូទេសចរណ៍ ដូចទៅហ្នឹងឧទ្យានជាតិកែប នាថ្ងៃខាងមុខ ហើយគម្រោងនេះ ជាការស្នើរឡើងតាមរយៈសហគមន៍ព្រៃឈើអង្កោលតាដែងសែនជ័យ។

ប្រជាពលរដ្ឋដែលមានដីជាប់ជើងភ្នំអង្កោលនោះ បានអោយដឹងថា បើកាយធ្វើផ្លូវក៏កាយចុះ តែសូមកុំដឹកអាចម៍ដីរបស់គាត់ចេញ។

ប្រជាពលរដ្ឋសំណូមពរថា បើគ្រាន់តែកាយភ្នំដើម្បីចាក់ដីធ្វើផ្លូវចូលព្រៃព្រែកទេ អាជ្ញាធរគួររកភ្នំផ្សេងវិញ គួរទុកភ្នំអង្កោល អោយនៅដដែលដើម្បីរក្សានូវសោភណ្ឌភាព សម្រាប់តំបន់ទេសចរណ៍មួយនេះ ហើយការពារឲ្យនៅជាសម្បត្តិរដ្ឋដដែល។

គួរបញ្ជាក់ថា ក្រៅពីឧទ្យានជាតិខេត្តកែប បណ្តាភ្នំមួយចំនួននៅខេត្តកែប កំពុងរងការរំលោភបំពាន ដូចជាតំបន់ភ្នំវល្លិ៍ចំណុចខាងលើទីលានកប់សំរាម ភ្នំពោន ភ្នំអង្កោលតូច ឬភ្នំបារាំង ជាដើម។

យ៉ាងណាគម្រោងកាយដីភ្នំអង្កោលធ្វើផ្លូវ និងគម្រោងធ្វើផ្លូវចូលដីព្រៃលិចទឹកក្នុងឃុំអង្កោល ប្រជាពលរដ្ឋ ភាគច្រើនថា អត់ដឹង និងមានការងឿងឆ្ងល់ពីគោលបំណងពិតប្រាកដរបស់រដ្ឋបាលខេត្តកែប ហើយកើតជាសំណួរតាមរោងកាហ្វេថា តើគម្រោងនេះធ្វើដើម្បីភាពរីកចម្រើនរបស់ពលរដ្ឋមូលដ្ឋាន ឬដើម្បីភាពរីកចម្រើនរបស់ក្រុមអ្នកធំ និងក្រុមអ្នកមានទាំងនោះ ខណៈដីព្រៃនៅសងខាងគម្រោងផ្លូវនេះ កំពុងត្រូវបានគេរុករានកាប់ឆ្ការស្ទើរទាំងស្រុង៕