សមត្ថកិច្ចអាមេរិកឃាត់ខ្លួនមន្ត្រីក្រសួងកសិកម្មនៅអាកាសដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក

63

ភ្នំពេញ៖ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានសមត្ថកិច្ចអាមេរិកធ្វើការឃាត់ខ្លួននៅអាកាសដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកអំឡុងពេល ដែលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជនៅប្រទេសប៉ាណាម៉ា ដោយត្រូវឆ្លងកាត់ទឹកដីអាមេរិក។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ។

បើតាមក្រសួងសិកម្ម តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋ អាមេរិក លោក គី ប៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចាត់ទុកការឃាត់ខ្លួនមន្រ្តីរបស់ខ្លួនពីសំណាក់អាជ្ញាធរអាមេរិកបែបនេះគឺជារឿងដ៏គួរឱ្យភា្ញក់ផ្អើល និងបង្ហាញក្តីទោមនស្សយ៉ាងខ្លាំងផងដែរ និងបានចាត់ទុក ទង្វើរបស់អាមេរិកបែបនេះគឺធ្វើឡើងស្របពេលដែលកម្ពុជា និងអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលបច្ចុប្បន្ននេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។

ឆ្លើយតបចំពោះបញ្ហានេះក្រសួងក៏ប្រកាសថាក្រសួងនឹងមិននៅស្ងៀមនោះទេចំពោះទង្វើខាងលើនេះ ដោយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិយុត្តិធម៍ជូនមន្រ្តីខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ ហើយក្រសួងធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានានឹងត្រូវបានគោរព។

បើតាមក្រសួងកសិកម្ម ការដែលសមត្ថកិច្ចអាមេរិកឃាត់ខ្លួនលោក គ្រីះ ម៉ះផល នេះគឺដោយសារតែលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ ត្រង់ចំណុចនេះ ក្រសួងបានបកស្រាយថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាមនេះ គឺផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

ក្រសួងបានបញ្ជាក់ថា ចំពោះការនាំចូលសត្វស្វាក្តាមនេះទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញនេះត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក ហើយសត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។

ជាក់ស្តែងសត្វប្រភេទនេះត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង និងគ្រឿងសំអាង៕